មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។

ពិធីខាងលើប្រព្រឹត្តទៅក្រោមវត្តមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និង មានការចូលរួមពីលោកអនុប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំការិយា ល័យ ។

ប្រធានបទនេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃសន្តិភាព និងសន្តិសុខជាមូលដ្ឋានគ្រឹះសម្រាប់សុខុមាលភាព សេចក្តីថ្លៃថ្នូរ និងការរស់នៅប្រកបដោយសុវត្ថិភាពរបស់ស្រ្តី និងគ្រួសារ ជាពិសេសនៅក្នុងបរិបទនៃអស្ថិរភាពសកល និងបញ្ហាប្រឈមផ្សេងៗដែលកំពុងកើតមាន។ ពិធីបានផ្តល់ឱកាសឱ្យមានការជួបសំណេះសំណាល ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងការចូលរួមពីសហគមន៍ក្នុងការជំរុញសមភាពយេនឌ័រ។

ជាមួយគ្នានេះដែរពិធីនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖ រំលឹកដល់ការតស៊ូទាមទារសិទ្ធិសេរីភាពរបស់ស្ត្រីទូទាំងពិភពលោកក្នុងប្រវត្តិសាស្ត្រ។ ការឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងសមិទ្ធផលដែលស្ត្រីកម្ពុជាសម្រេចបានក្នុងវិស័យផ្សេងៗ។ ពិនិត្យមើលបញ្ហាប្រឈម និងកាលានុវត្តភាពដែលនៅតែមាន។ បង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមានសំដៅលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងបង្កើនភាពអង់អាចក្លាហា ដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។

សូមរម្លឹកថាទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ នេះ ត្រូវបានប្រារព្ធឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា ដោយស្របតាមការណែនាំរបស់ក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធនានា។