លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ នៅឃុំស្រែថ្មី

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌របស់អង្គភាព ចុះនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ។

គ្រួសាររងគ្រោះមានប្តីឈ្មោះ នួន ចាន់ធី អាយុ ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ចាន់ សុផល អាយុ ៤៦ ឆ្នាំ រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គ្រួសារនេះបានបាត់បង់ផ្ទះទាំង ស្រុងដោយអគ្គីភ័យឆេះនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាផ្ទះទំហំ ៧×៩ ម៉ែត្រ។

អំណោយដែលបានផ្តល់ជូនរួមមាន៖អង្ករ៥០ គីឡូក្រាម, ស័ង្កសី៥០សន្លឹក, មី០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកសុទ្ធ ០៤យួរ, មុង០២, ថវិកាមួយចំនួន ។

តំណាងគ្រួសារប្រជាពលរដ្ឋរងគ្រោះបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែង ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងមមាញឹកជាមួយកិច្ចការការពារបូរណភាពទឹកដីពីចោរឈ្លានពានយ៉ាងណាក៏ដោយ។

គ្រួសាររងគ្រោះក៏សូមជូនពរបវរមហាប្រសើរដល់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ និងជួបប្រទះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ។

សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់ថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសក្នុងពេលប្រឈមនឹងគ្រោះមហន្តរាយ។