កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង និងសម្រាស នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយលោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងស្តីទី និងលោក ឈិន តួ នាយរងអធិការដ្ឋានរដ្ឋបាលជល ផលខាងត្បូងបឹងទន្លេសាប បានសហការជាមួយ កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង មន្ត្រីប៉ុស្ត៍នគរបាលរដ្ឋបាលកំពង់ត្រឡាច សហគមន៍នេសាទកំពង់ត្រឡាច សហគមន៍នេសាទកៀនរកា សហគមន៍នេសាទកំពង់ក្តារ និងសហគមន៍នេសាទព្រែកគន្លង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនៅចំណុចទន្លេព្រែកគន្លង – ក្បាលកោះលង្វែក ឃុំកំពង់ត្រឡាច និងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។

បន្ទាប់មក ក្រុមការងារបានសហការបន្តជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រឡាយមាស និងប្រជាការពារភូមិប្រឡាយមាស ដើម្បីចុះប្រតិបត្តិការបន្តនៅឃុំប្រឡាយមាស ភូមិក្រម៉ាល ស្រុកកំពង់លែង ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាពិសេសនៅចំណុចវាលភក់។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរុះរើ និងបំផ្លាញចោលវត្ថុតាងដែលជាឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖

១. សម្រាស់ចំនួន ១០ កន្លែង ទំហំ ២៣០០ ម៉ែត្រការ៉េ បង្គោលចំនួន ៣០០ ដើម ខ្សែប្រវែង ៥០០ ម៉ែត្រ និងមែកសម្រាស់ចំនួន ៦០០ មែក។

២. របាំងស្បៃមុងចំនួន ១៤ កន្លែង ប្រវែងសរុប ១២៦០ ម៉ែត្រ លូស្បៃមុងចំនួន ៥០ គ្រឿង បង្គោលចំនួន ៤៧០ ដើម។

ជាលទ្ធផល ក្រុមការងារបានចាក់លែងត្រីចម្រុះចូលដែននេសាទធម្មជាតិវិញចំនួន ២៥ គីឡូក្រាម ដើម្បីរក្សាសមតុល្យធនធានជលផល និងការពារបរិស្ថានទឹក។

ប្រតិបត្តិការនេះ ជាផ្នែកមួយនៃការអនុវត្តច្បាប់ជលផល ដើម្បីទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ជាពិសេសការប្រើឧបករណ៍ហាមឃាត់ដូចជារបាំងស្បៃមុង និងសម្រាស់ ដែលប៉ះពាល់ដល់ការរីកលូតលាស់របស់ត្រី និងធនធានជលផលក្នុងតំបន់បឹងទន្លេសាប និងទន្លេមេគង្គ។ សមត្ថកិច្ចពាក់ព័ន្ធបានប្តេជ្ញាបន្តចុះប្រតិបត្តិការជាប្រចាំ ដើម្បីធានាប្រសិទ្ធភាពការគ្រប់គ្រងធនធានជលផល។