រដ្ឋបាលក្រុងស្ទឹងត្រែង ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំ បន្ទាប់ពីទទួលបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការបើកឧបករណ៍បំពងសំឡេងលើសម៉ោងកំណត់

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលក្រុងស្ទឹងត្រែង បានចាត់វិធានការរដ្ឋបាលភ្លាមៗ ដោយចុះទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរជាមួយម្ចាស់អាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំ (សត្វស្លាបដែលគេចិញ្ចឹមដើម្បីប្រមូលសំបុកទឹកមាត់) បន្ទាប់ ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ ដែលត្អូញត្អែរពីការបើកឧបករណ៍បំពងសំឡេងលើសពេលវេលាកំណត់ បង្កឱ្យមានការរំខានដល់ការរស់នៅប្រចាំថ្ងៃ។

នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង បានចាត់តាំងលោកអភិបាលរងក្រុង ដឹកនាំកម្លាំងសមត្ថកិច្ច និងនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ចុះទៅដល់ទីតាំងអាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំ ដែលស្ថិតនៅក្បែរសមាគមអតីតយុទ្ធជន។

ការចុះអនុវត្តនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបាន ថតរូបភាពជាភស្តុតាង បង្ហាញថា ទីតាំងខាងលើបានបើកឧបករណ៍បំពងសំឡេងត្រចៀកកាំលើសម៉ោងកំណត់ កាលពីយប់ថ្ងៃទី០៣ ខែមីនា ដែលជាការរំលោភបំពាន លើសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត។

បន្ទាប់ពីទទួលបានបណ្តឹង អភិបាលខេត្តស្ទឹងត្រែង បានដាក់គោលដៅជូនអភិបាលក្រុង ឱ្យចុះពិនិត្យជាក់ស្តែងផងដែរ។ ជាលទ្ធផល រដ្ឋបាលក្រុងបានចុះអប់រំណែនាំដល់ម្ចាស់ទីតាំង ឱ្យបញ្ឈប់សកម្មនភាពល្មើស និងបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ដើម្បីធានាថា ការប្រកបអាជីវកម្មនេះនឹងមិនបង្កផលប៉ះពាល់ដល់អ្នកជិតខាងបន្តទៀតឡើយ។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់ពេលវេលាបើកឧបករណ៍បំពងសំឡេងសម្រាប់អាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំ ដោយផ្អែកលើអនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង។

ដើម្បីឆ្លើយតបនឹងសំណូមពររបស់ពលរដ្ឋ រដ្ឋ បាលខេត្តបានកំណត់វិធានការម៉ោងពេលដែលត្រូវអនុវត្ត គឺហាមឃាត់ដាច់ខាតរាល់ការបើកឧបករណ៍បំពងសំឡេង ចាប់ពីម៉ោង ១៨:០០នាទីល្ងាច រហូតដល់ម៉ោង ៦:០០នាទីព្រឹក។ រដ្ឋបាលខេត្តបានបញ្ជាក់ច្បាស់ថា ប្រសិនបើម្ចាស់អាជីវកម្មនៅតែបន្តល្មើស នឹងត្រូវប្រឈមនឹងវិធានការច្បាប់យ៉ាងតឹងរ៉ឹង រហូតឈានទៅបិទទីតាំងអាជីវកម្មជាស្ថាពរ។

រដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានណែនាំដល់ក្រុមការងារពាក់ព័ន្ធ ឱ្យបន្តតាមដាន និងត្រួតពិនិត្យជាប្រចាំលើគ្រប់ទីតាំងទាំងអស់ ដើម្បីធានាសុខុមាលភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងទាំងមូល។