កិច្ចប្រជុំស្ដីពីការប្រើប្រាស់ប្រព័ន្គគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗ របស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខេត្ដកំពង់ឆ្នាំង

កំពង់ឆ្នាំងៈនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦រដ្ឋ បាល ខេត្តកំពង់ឆ្នាំង បានរៀបចំបើកកិច្ចប្រជុំស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក នៅខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងនាយកទីចាត់ការហិរញ្ញវត្ថុខេត្ត និងថ្នាក់ដឹកនាំអង្គភាពច្រកចេញចូលតែមួយខេត្តជាច្រើនរូប ដើម្បីពិភាក្សា និងផ្សព្វផ្សាយពីការអនុវត្តប្រព័ន្ធឌីជីថលនេះ។

លោក ឈឹម វុទ្ធា អភិបាលរងខេត្ត ដែលជាអធិបតីភាពក្នុងកិច្ចប្រជុំ បានមានប្រសាសន៍លើកឡើងពី សារសំខាន់ នៃគោលបំណងក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗ របស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក។ លោកបានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធនេះនឹងជួយ ពង្រឹងប្រសិទ្ធភាព ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ ជាពិសេសក្នុងការទទួលតាមដាន និងដោះស្រាយ បណ្តឹងពីប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ដែលទាក់ទងនឹងសេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ប្រព័ន្ធនេះត្រូវបានក្រសួងមហាផ្ទៃដាក់ឲ្យអនុវត្តជាផ្លូវការនៅទូទាំងប្រទេសចាប់ពីដើមខែមីនាឆ្នាំ២០២៦ ដើម្បីជួយសម្រួលការងារគ្រប់គ្រងទិន្នន័យបណ្តឹង បង្កើនតម្លាភាព និងឆ្លើយតបរហ័សចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។

កិច្ចប្រជុំបានបញ្ចប់ដោយការប្តេជ្ញាចិត្តពីអង្គភាពរដ្ឋបាល និងអង្គភាពពាក់ព័ន្ធក្នុងការអនុវត្តប្រព័ន្ធ ឱ្យបានជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកាន់តែប្រសើរ។