សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្ថម្ភថវិកា ៤០លានរៀល ដើម្បីទិញម៉ូតូ ១០គ្រឿង ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ប្រាសាទព្រះវិហារ

ព្រះវិហារ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក គីម រិទ្ធី បានយកម៉ូតូចំនួន ១០គ្រឿងនោះ ទៅជូនកងទ័ពជួរមុខ នៃកងពលតូចអន្តរាគមន៍លេខ៧ និងកងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដោយក្នុង១កងពល ទទួលបានម៉ូតូចំនួន ៥គ្រឿង ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ប្រាសាទព្រះវិហារ។

 

ក្នុងឪកាសដ៍ឧត្តុង្គឧត្តមនេះ លោក គីម រិទ្ធី ព្រមទាំងវីរកងទ័ពជួរមុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តរបស់សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលសម្តេចមានមនោសញ្ចេតនាជាប់ជាមួយកងទ័ពយើងនៅជួរមុខគ្រប់កាលៈទេសៈ។

 

សូមជម្រាបថា សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង គឺជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់កម្ពុជា ដែលមានបទពិសោធយូរអង្វែងទាំងផ្នែកនយោបាយ និងការទូត។ សម្តេចបានបម្រើការងារជូនជាតិអស់រយៈពេលជាច្រើន ទសវត្សរ៍ ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាង និងពង្រឹងទំនាក់ទំនងការទូត របស់កម្ពុជា លើឆាកអន្តរជាតិ។

 

នៅឆ្នាំ១៩៩១ សម្ដេចឥស្សរវិទេសបញ្ញា បានក្លាយជាហត្ថលេខីមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបាននាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិល និងបើកផ្លូវសម្រាប់ដំណើរស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អស់រយៈពេលជាង២០ឆ្នាំ ដែលជាពេលវេលាដ៏យូរអង្វែងបំផុត។ ក្នុងអំឡុងពេលនេះ សម្តេចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យកម្ពុជាមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជាច្រើនលើពិភពលោក និងបានចូលរួមយ៉ាងសកម្មក្នុងការពង្រឹង និងការពារបូរណភាពទឹកដីកម្ពុជា។

 

សម្ដេចឥស្សរវិទេសបញ្ញា ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសំណុំរឿងប្ដឹងផ្ដល់រវាងកម្ពុជា និងថៃ នៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ដែលនាំឱ្យកម្ពុជាទទួលបានជ័យជម្នះក្នុងការបញ្ជាក់ថាប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា។

កាលពីពេលថ្មីៗនេះ ដោយសារស្នាដៃដ៏ឧត្តុង្គឧត្តមក្នុងការបម្រើជាតិ ព្រះមហាក្សត្រកម្ពុជាបានប្រទានគោរមងារជា «សម្តេចឥស្សរវិទេសបញ្ញា» ដែលជាការទទួលស្គាល់ដ៏ខ្ពង់ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងវិស័យការទូត។

 

ដោយឡែក ក្នុងឆ្នាំ២០២៣ សម្ដេច ឥស្សរវិទេសបញ្ញា ក៏បានបោះពុម្ពផ្សាយសៀវភៅមួយក្បាលដែលមានចំណងជើងថា «ប្រវត្តិជីវិត» ដែលរៀបរាប់ពីបទពិសោធន៍ជីវិត និងការបម្រើជាតិរបស់សម្តេចអស់រយៈពេលជាង ៦០ឆ្នាំមកនេះផងដែរ៕