សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ៨មីនាខួបលើកទី១១៥ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ពិធីនេះធ្វើឡើងរួមជាមួយពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងអធិការកិច្ច នាព្រឹកថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងបានយកចិត្តទុកដាក់លើកកម្ពស់ និងគាំទ្ររាល់សកម្មភាពរបស់ស្ត្រី ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកាទាំងអស់ដែលបានចូលរួមក្នុងឱកាសនេះ។

សម្តេចបានស្នើឱ្យសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ប្រែក្លាយថ្ងៃអបអរសាទរ និងកម្សាន្តនៃទិវានារីអន្តរជាតិ ៨ មីនា ឱ្យក្លាយជាថ្ងៃចុះជួបសួរសុខទុក្ខដល់បងប្អូនជនភៀសសឹក និងអ្នករបួសនៅតាមមន្ទីរពេទ្យ និងតាមបណ្តាខេត្តជួរមុខ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរចំពោះលោកជំទាវ ចម ក្រស្នា ដែលត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអធិការកិច្ច។ សម្តេចបានផ្តាំផ្ញើដល់គណៈកម្មការសាខាដែលបានកែសម្រួល និងបំពេញបន្ថែមសមាសភាពថ្មី ឱ្យបន្តខិតខំប្រឹងប្រែងពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាពឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា ប្រធាន បទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ឆ្នាំនេះ មានគោលបំណងរំលេចសារៈ សំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ព្រមទាំងគូសបញ្ជាក់ ពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងការកសាង និងថែរក្សាសន្តិភាព។ ជាមួយគ្នានេះ ក៏អំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ដើម្បីការពារ និងលុបបំបាត់រាល់ឧបសគ្គរារាំងដែលប៉ះពាល់អវិជ្ជមានដល់ស្ត្រី និងគ្រួសារ ដែលជាបុព្វលក្ខណៈ និងធាតុផ្សំចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

គួររំឭកថា ទិវានារីអន្តរជាតិ ៨ មីនា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅកម្ពុជា និងទូទាំងពិភពលោក ដើម្បីរំឭកពីការតស៊ូទាមទារសិទ្ធិ សេរីភាព ឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាព ព្រមទាំងបង្ហាញការ ប្តេជ្ញាចិត្ត និងវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។