លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការខេត្តកំពង់ឆ្នាំង បានសម្រេចផ្អាក តួនាទីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្តីទីស្រុករលាប្អៀរករណីប្រើអំពើហិង្សាលើប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានសម្រេចផ្អាកតួនាទីជាបណ្តោះអាសន្នចំពោះលោកព្រឹន្ទបាលឯក មាស ដាវីត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងស្នាយ ស្តីទី នៃអធិការដ្ឋាននគរ បាលស្រុករលាប្អៀរ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានលើបណ្តាញសង្គមអំពីករណីប្រើអំពើហិង្សាលើប្រជាពលរដ្ឋ។

បើតាមសេចក្តីប្រកាសពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ករណីនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជនរងគ្រោះឈ្មោះ អៀង សុភ័ក្រ ហៅយ៉ត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីទទួលបានព័ត៌មាន និងការចុះផ្សាយពីគណនីហ្វេសប៊ុក «ពត៌មានពីប្រជាជន News from People» និងគណនីផ្សេងទៀតកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្នងការបានចាត់ជំនាញពាក់ព័ន្ធពិនិត្យស្រាវជ្រាវ និងបញ្ជាក់ ថា ករណីប្រើអំពើហិង្សាលើប្រជាពលរដ្ឋនេះពិត ជាកើតមានមែន។

ដើម្បីធានាឲ្យជនរងគ្រោះទទួលបានភាពយុត្តិធម៌ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោក មាស ដាវីត និងតម្រូវឲ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីត្រួតពិនិត្យ និងរង់ចាំការសម្រេចជាថ្មី។ ទន្ទឹមនឹងនេះ បានប្រគល់ភារកិច្ចជូនផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត លើបណ្តឹងរបស់ជនរងគ្រោះ ករណីហិង្សាដោយចេតនា។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសង្កត់ធ្ងន់ថា នឹងចាត់វិធានការតឹងរ៉ឹងចំពោះមន្ត្រីនគរ បាលណាដែលប្រើអំពើហិង្សា ឬរំលោភលើច្បាប់ ដើម្បីរក្សាកិត្យានុភាពនៃស្ថាប័ននគរបាល និងការពារសិទ្ធិប្រជាពលរដ្ឋ។ ការស៊ើបអង្កេតកំពុងបន្តដើម្បីស្វែងរកការពិត និងចាត់ការតាមនីតិវិធី។