ភ្នំពេញ៖ ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈអន្តរជាតិមានការប្រែប្រួល និងរាជរដ្ឋាភិបាលកម្ពុជាបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ម្ចាស់ស្ថានីយ៍លក់រាយប្រេងឥន្ធនៈទាំងអស់ត្រូវគោរពតាមតម្លៃលក់រាយដែលក្រសួងពាណិជ្ជកម្មកំណត់ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់ រួមទាំងការពិន័យជាប្រាក់ និងផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។
យោងតាមប្រកាសអន្តរក្រសួងពាក់ព័ន្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាចចេញសេចក្តីជូនដំណឹងភ្លាមៗ ដើម្បីកំណត់ឱ្យក្រុមហ៊ុនប្រេងឥន្ធនៈចេញថ្លៃលក់រាយជូនស្ថានីយ៍ ក្នុងរយៈពេល ១០ថ្ងៃ ឬ ១៥ថ្ងៃម្តងៗ ដើម្បីធានាតម្លាភាព និងការគ្រប់គ្រងតម្លៃឱ្យសមស្របនឹងស្ថានភាពទីផ្សារអន្តរជាតិ។
ប្រកាសនេះក៏បញ្ជាក់ច្បាស់ថា គ្រប់ស្ថានីយ៍លក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវមានប្រភេទផលិត ផលប្រេងសាំងធម្មតា (Gasoline) និងប្រេងម៉ាស៊ូត (Diesel) លក់ក្នុងតម្លៃមិនលើសពីថ្លៃដែលបានកំណត់ ដូចបញ្ជាក់ក្នុងប្រការ៤ នៃប្រកាសអន្តរក្រសួង។ នេះជាវិធានការដើម្បីការពារប្រជាពលរដ្ឋពីការកេងប្រវ័ញ្ច ឬឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី។
ចំពោះការល្មើស ប្រកាសអន្តរក្រសួងបានកំណត់ ថា ស្ថានីយ៍លក់រាយប្រេងឥន្ធនៈណាដែលរំលោភប្រការ៥ (ដូចជាលក់លើសតម្លៃកំណត់) នឹងត្រូវទទួលរងការពិន័យអន្តរការណ៍ជាប្រាក់មិនលើស ពី ៤.០០០.០០០ រៀល (បួនលានរៀល)។ ប្រសិនបើបន្តប្រព្រឹត្តបទល្មើសដដែលបន្ទាប់ពីទទួលរងការពិន័យម្តងរួច ស្ថានីយ៍នោះអាចនឹងរងការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ឬវិធានការរដ្ឋបាលផ្សេងទៀត ដើម្បីរក្សាសណ្តាប់ធ្នាប់ទីផ្សារ និងការពារផលប្រយោជន៍អ្នកប្រើប្រាស់។
ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធដូចជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) បានបន្តចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាការអនុវត្តឱ្យបានត្រឹមត្រូវ។ ក្នុងស្ថានភាពបច្ចុប្បន្ន ដែលតម្លៃប្រេងអាចកើនឡើងដោយសារកត្តាខាងក្រៅ រាជរដ្ឋាភិបាលបានអំពាវនាវឱ្យម្ចាស់ស្ថានីយ៍គោរពច្បាប់ និងប្រជាពលរដ្ឋសន្សំសំចៃការប្រើប្រាស់ ព្រមទាំងចៀស វាងការសម្រុកស្តុកទុកលើសតម្រូវការ ដែលអាចបង្កហានិភ័យសុវត្ថិភាព។
ប្រជាពលរដ្ឋអាចរាយការណ៍បទល្មើសតាមរយៈបណ្តាញផ្លូវការ ឬមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដើម្បីរួមគ្នាទប់ស្កាត់ការកេងប្រវ័ញ្ច។

