ក្រុមគ្រួសារសពវីរៈយុទ្ធជន លោក គង់ ចាន់ វាសនា ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្ទី ហ៊ុន ម៉ាណែត 

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដែលជាតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោក ហូ ប៊ុនថន ប្រធានច្រកចេញចូលរដ្ឋបាលខេត្ត និងលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានអញ្ជើញចុះទៅប្រគល់ជូនអំណោយមួយគ្រឿងម៉ូតូ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្ទី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារសពវីរៈយុទ្ធជន លោក គង់ ចាន់ វាសនា រស់នៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អំណោយនេះ គឺជាការចូលរួមគាំទ្រ និងឧបត្ថម្ភដល់ក្រុមគ្រួសារវីរៈយុទ្ធជនដែលបានបូជាជីវិតក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដី និងបុព្វហេតុជាតិមាតុភូមិ។ លោក គង់ ចាន់ វាសនា ជាវីរៈយុទ្ធជនម្នាក់ដែលបានពលីជីវិតក្នុងការប្រយុទ្ធការពារប្រទេសជាតិ។

ពិធីប្រគល់អំណោយនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចំពោះការរួមចំណែក និងការលះបង់របស់វីរៈយុទ្ធជន ព្រមទាំងការគាំទ្រដល់ក្រុមគ្រួសារដែលបាត់បង់សមាជិកដ៏សំខាន់។ នេះជាការបង្ហាញនូវក្តីសោមនស្ស និងការគោរពចំពោះវីរភាពរបស់ពួកគេ ដែលនៅតែត្រូវបានចងចាំ និងគាំទ្រជាបន្តបន្ទាប់។