កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានដឹកនាំក្រុមចុះពិនិត្យបន្ទាន់តាមស្ថានីយ៍លក់ប្រេងឥន្ធនៈនានាក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ការចុះពិនិត្យនេះធ្វើឡើងតាមការណែនាំ និងការ យកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីទទួលបានសំណូមពរពីប្រជាកសិករ ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ធនៈ និងតម្រូវការប្រេងសម្រាប់បូមទឹកដាក់ស្រែ។
ក្នុងអំឡុងពេលចុះពិនិត្យ ក្រុមការងារបានសង្កេតឃើញថា ស្ថានីយ៍លក់ប្រេងមួយចំនួនបានបើកលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម (ប្រេងសាំង ៤,៤០០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៥,១៥០ រៀលក្នុងមួយលីត្រ សម្រាប់អនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦) ខណៈស្ថានីយ៍មួយចំនួនទៀតបានបិទទ្វារបណ្តោះអាសន្ន ដោយសារមិនទាន់មានការបញ្ចូលប្រេងថ្មី។
ជាពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ដែលត្រូវការប្រេងសម្រាប់បូមទឹកដាក់ស្រែ (ជាពិសេសប្រើប្រេងម៉ាស៊ូតសម្រាប់ម៉ាស៊ីនបូមទឹកបែបប៉ីដុង) លោក សាន់ យូ បានធ្វើការសម្របសម្រួលជាមួយម្ចាស់ស្ថានីយ៍ ដោយអនុញ្ញាតឱ្យលក់ប្រេងជាពិសេសសម្រាប់ប្រជាកសិករប៉ុណ្ណោះ ដែលត្រូវមានលិខិតបញ្ជាក់ពី អាជ្ញាធរឃុំ ឬមូលដ្ឋានពាក់ព័ន្ធ ដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ និងការប្រើប្រាស់ត្រឹមត្រូវ។
សូមរំលឹកថា ក្នុងកិច្ចប្រជុំពាក់ព័ន្ធកន្លងមក ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានណែនាំឱ្យមន្ទីរជំនាញ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន (ក្រុង ស្រុក ឃុំ សង្កាត់) យកចិត្តទុកដាក់តាមដាន ទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈ និងទំនិញទូទៅ លើសកំណត់ ព្រមទាំងចាត់វិធានការចំពោះជន ណាដែលផ្សព្វផ្សាយព័ត៌មានប្រឌិត ឬក្លែងក្លាយ ដែលអាចប៉ះពាល់ដល់ស្ថិរភាពសង្គម។
ប្រសិនបើប្រជាពលរដ្ឋរកឃើញករណីជនឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ ឬទំនិញទូទៅមិនស្របតាមតម្លៃទីផ្សារ ឬកំណត់របស់ក្រសួងពាក់ព័ន្ធ សូមផ្តល់ព័ត៌មានជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬរូបលោក សាន់ យូ ផ្ទាល់ ឬទាក់ទងលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាមរយៈលេខទូរស័ព្ទ ០៩៧ ៧៩៧ ៧៣០៣ ដើម្បីចាត់វិធានការសមស្របទាន់ពេលវេលា។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសកសិករ ក្នុងបរិបទតម្លៃប្រេងឥន្ធនៈមានការប្រែប្រួលខ្លាំងក្នុងពេលបច្ចុប្បន្ន។
