សេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុនារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដែលកម្តៅអាចនឹងឡើងដល់ ៤០អង្សា

ភ្នំពេញៈ ក្រសួងធនធានទឹកនិងឧតុនិយម សូមជម្រាប ជូនដំណឹងដល់សាធារណជន អំពីស្ថាន ភាពអាកាសធាតុនៅក្នុង រដូវប្រាំងឆ្នាំ២០២៦ បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករណ៍ស្ថាន ភាពអាកាសធាតុ ដោយផ្អែកលើបាតុភូតសកល និង ការព្យាករពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចមហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័របង្ហាញថាបាតុ ភូត អែនសូអព្យាក្រឹត (ENSO-Neutral) នៅបន្តកើតឡើងក្នុងកម្រិត៩០% រហូតដល់ខែឧសភា និងថយចុះមក ៧០% នៅក្នុងខែមិថុនា ឆ្នាំ២០២៦។ ដោយឡែកចាប់ពីខែកក្កដា បាតុភូត អែលនីញ៉ូ (El Niño)នឹងកើនដល់កម្រិត៥០%។ ចំណែក បាតុភូតអោយអូនី (IOD) ស្ថិតនៅអព្យាក្រឹត (IOD-Neutral)។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦៖

១. តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៤០°C។ ខ្យល់បក់មកពី ទិសទិសនិរតី និងទិសទក្សិណមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមាន ជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ ព្រៃវែង កណ្តាល និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

២. តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា៤០°C។ ខ្យល់បក់មកពីទិស និរតី និងទិសទក្សិណមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ប៉ៃលិន រតនគិរី ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។

៣. តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្ប បរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងទិសទក្សិណ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមាន ភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។

យោងលើការព្យាករអាកាសធាតុដូចបានជម្រាប ជូនខាងលើ សូមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្តាយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពពីការកើនឡើងនៃសីតុណ្ហភាពនេះ និងប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យ នៃភ្លើង ឆេះព្រៃ ផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុនៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាប ជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។