កំពង់ឆ្នាំង៖ រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំកាត់ទ្រូងផ្លូវ របស់ក្រុមហ៊ុនដំឡើងរថយន្ត GAC និង CHEVROLET។
ការចុះពិនិត្យនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គឹម ប៉ុណ្ណា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ជា សុខរិទ្ធិ អភិ បាលរងខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោក ឃួន កុម្ភៈ អគ្គនាយករង អគ្គនាយកដ្ឋានបច្ចេកទេស លោក ឌុន វណ្ណឌីរីហ្គែន អនុប្រធាននាយកដ្ឋានផ្លូវថ្នល់ និងជាមន្ត្រីសម្របសម្រួលគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) លោក អភិបាលស្រុកកំពង់ត្រឡាច លោកមេឃុំ សែប រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
លោក ឆាយ លាភា បានឱ្យដឹងថា គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីពិនិត្យ និងវាយតម្លៃ លើសំណើរបស់ក្រុមហ៊ុនដំឡើងរថយន្ត GAC និង CHEVROLET ស្តីពីការកាត់ទ្រូងផ្លូវជាតិ ដើម្បីសាងសង់ច្រកចូលទៅកាន់រោងចក្រ។ ការសិក្សានេះ ផ្តោតលើការធានាសុវត្ថិភាពចរាចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត។
ឯកឧត្តម គឹម ប៉ុណ្ណា បានណែនាំឱ្យមន្ត្រីជំនាញពិនិត្យឱ្យបានយកចិត្តទុកដាក់ និងធានាថា ការកាត់ទ្រូងផ្លូវត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីកុំឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងសុវត្ថិភាពសាធារណៈ។
ក្រុមហ៊ុនដំឡើងរថយន្ត GAC និង CHEVROLET គឺជាគម្រោងវិនិយោគសំខាន់មួយនៅក្នុងខេត្តកំពង់ឆ្នាំង ដែលគ្រោងនឹងបង្កើតការងារ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
