ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម អញ្ជើញប្រគេនអំណោយដល់ព្រះសង្ឃរងគ្រោះដោយអគ្គីភ័យ នៅវត្តជំនីក ស្រុកកោះសូទិន

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត រួមជាមួយក្រុមការងារ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៦ នេះ បានអញ្ជើញសួរសុខទុក្ខ និងនាំ យកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនព្រះសង្ឃគង់នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលរងគ្រោះដោយអគ្គីភ័យ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយជាមួយព្រះចៅអធិការ និងគណៈ កម្មការ អាចារ្យវត្ត ចំពោះឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ មូលហេតុ ឆ្លងចរន្តអគ្គិ សនី ធ្វើអោយ កុដិថ្មនិងឈើរប្រក់ក្បឿង ២ខ្នង ទំហំ ១២ម × ១៥ម និងឧបដ្ឋានសាលា ទំហំ ២៥ម× ២៥ម ត្រូវភ្លើងឆេះអស់ទាំងស្រុងកាលពីល្ងាចថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦។

ឯកឧត្តមប្រធានសាខាកាកបាទក្រហមខេត្ត ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហម កម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែល រងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា “។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានប្រគេនព្រះចៅអធិការវត្តរងគ្រោះ រួមមាន៖ អង្ករ ២០០គក្រ ត្រីខ ៨យួរ ,ទឹកត្រី ៨យួរ ទឹកស៊ីអ៊ីវ ៨យួរ ,មី ៨កេស ,តង់ធំ៨ និង ថវិកាសរុបចំនួន ៧.០០០.០០០រៀល ក្នុងនេះ ថវិការដ្ឋបាលខេត្តចំនួន ៥.០០០.០០០រៀល៕