អភិបាលខេត្តកំពង់ចាម នាំយកអំណោយសប្បុរសធម៌ ចែកជូនបងប្អូនជនភៀសសឹកក្នុងខេត្តព្រះវិហារ

កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូអមដំណើរ នាំ យកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាជន ភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តឧត្តមគិរីទួលអណ្ដែត (ហៅវត្តថ្នល់បែក) ស្រុកគូលែន ខេត្តព្រះវិហារ ។

ក្នុងឱកាសនៃបេសកកម្មមនុស្សធម៌នេះ ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ រួមជាមួយមន្ត្រីរាជការ និងកងកម្លាំង បានផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាព ក្នុងស្មារតី “សាមគ្គីភាព និងការចែករំលែក” ដើម្បីជួយសម្រាលការលំបាកក្នុងកាលៈទេសៈនេះ។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​​ ក្រុមហ៊ុន​ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋ​ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមក រកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមឈាមជ័រតែមួយ។

សូមបញ្ជាក់ថា​ អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម បាននាំយកមកចែកជូននៅពេលនេះរួមមាន៖ អង្ក​ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ត្រីងៀត ឆាយពៅ ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអៀវ ទឹកបរិសុទ្ធ ទឹកក្រូច មី ភួយមុង សំសំលៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមនឹងថវិកាមួយចំនួនផងដែរ៕