នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ចុះសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ ជាមួយទឹកចិត្តអាណិតស្រឡាញ់បំផុត

ភ្នំពេញ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់យោធិន នារសៀលថ្ងៃទី២០ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជារការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូអមដំណើរ ចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ព សមរភូមិមុខ និងយោធិនដែលកំពុងសម្រាកព្យា បាលនៅមន្ទីរពេទ្យព្រះកេតុមាលា។

ក្នុងឱកាសនោះ ឧត្តមសេនីយឯក លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ និងជាប្រធានមន្ទីរពេទ្យព្រះកេតុមាលា រួមជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ លោកបានរាយការណ៍សង្ខេបស្ដីពីស្ថានភាពទូទៅ និងការយកចិត្តទុកដាក់របស់វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យក្នុងការទទួលពិនិត្យព្យាបាលអ្នកជំងឺ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានមានប្រសាសន៍សំណេះសំណាលប្រកបដោយក្តីអាណិតស្រឡាញ់ និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពអង់អាចក្លាហានរបស់យុទ្ធជនទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ការលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុកិច្ចការពារជាតិមាតុភូមិ និងបូរណភាពទឹកដី គឺជាគុណបំណាច់ដ៏ធំធេងដែលមិនអាចបំភ្លេចបាន»។

ទន្ទឹមនឹងការសួរសុខទុក្ខដោយផ្ទាល់ ឯកឧត្តមក៏បានកោតសរសើរចំពោះស្មារតីតស៊ូរបស់បងប្អូនកងទ័ព ទោះស្ថិតក្នុងស្ថានភាពមានជំងឺ ឬរងរបួសយ៉ាងណាក៏ដោយ។ ឯកឧត្តមបានប្រសិទ្ធពរជ័យសិរីសួស្ដី ជូនដល់វីរយុទ្ធជនទាំងអស់ សូមឱ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យឆាប់បានជាសះស្បើយពីជំងឺ ដើម្បីវិលត្រឡប់ទៅបម្រើការងារនៅអង្គភាពដើម និងជួបជុំក្រុមគ្រួសារវិញក្នុងពេលឆាប់ៗ។

ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា រួមមានថវិកា សម្រាប់យោធិនមានជម្ងឺធ្ងន់ទទួលបានចំនួន ៤លានរៀល យោធិនមានជម្ងឺមធ្យមទទួលបានចំនួន ៣លានរៀល និងយោធិនមានជម្ងឺស្រាលទទួលបានចំនួន ២លានរៀល ព្រមទាំងផ្លែឈើគ្រប់មុខចំនួន ១កន្ត្រក់ក្នុងម្នាក់ៗផងដែរ។

សកម្មភាពចុះសួរសុខទុក្ខនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ជាប្រចាំរបស់ថ្នាក់ដឹកនាំកងទ័ពជើងគោក ចំពោះយោធិនដែលបានលះបង់ដើម្បីជាតិមាតុភូមិ និងឆ្លុះបញ្ចាំងពីសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងមេបញ្ជាការ និងពលទាហានគ្រប់ជាន់ថ្នាក់។