អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិ នៅមុខសាលាខេត្តកំពង់ឆ្នាំង។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងត្រៀមលក្ខណៈរៀបចំទីកន្លែងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ឱ្យបានស្អាត រក្សាសណ្តាប់ ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ដែលនឹងមកកម្សាន្តនៅខេត្តកំពង់ឆ្នាំងនាពេលខាងមុខ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធពង្រឹងការតុបតែងលំអរសោភ័ណភាព រៀបចំកន្លែងសម្រាប់កម្មវិធីវប្បធម៌ប្រពៃណី និងធានាឱ្យមានសុវត្ថិភាពចរាចរណ៍ ព្រមទាំងសេវាសាធារណៈគ្រប់គ្រាន់ ដើម្បីធ្វើឱ្យពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ឆ្នាំង ប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ។

ការត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិនៅខេត្តកំពង់ឆ្នាំង ត្រូវបានរំពឹងថានឹងទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាច្រើនមកចូលរួមកម្សាន្ត និងអបអរសាទរ ប្រពៃណីវប្បធម៌ដ៏ល្អប្រពៃរបស់ជាតិខ្មែរ។