ទំនិញខូចគុណភាព ចំនួន៤រថយន្ត ត្រូវបានសមត្ថកិច្ចចម្រុះសម្រេចដុតកម្ទេចចោល

ព្រះវិហារ៖ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះទំនិញខូចគុណភាពជាច្រើនមុខ ដែលនាំពីថៃចូលមកកម្ពុជា ឆ្លងកាត់ប្រទេស ឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុមការងារចម្រុះសម្រេចដុតកម្ទេចចោល។

ក្រុមការងារចម្រុះដែលត្រួតពិនិត្យរថយន្ត ដឹកទំនិញទាំង៤រថយន្តរួមមាន៖ មន្រី្ដគយ និងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ, លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ, លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប, លោក លឹម សាលួត មន្រ្ដីការិយា ល័យផលិតផល និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការដឹកនាំសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។

ការត្រួតពិនិត្យ​ទំនិញនៅក្នុងរថយន្តទាំង៤ គ្រឿងនាពេលនេះ ឃើញមានទំនិញខូចគុណភាពមិនអាចប្រើប្រាស់បាន (ធំក្លិនស្អុយ) ដែលនាំចូលតាមច្រកកំពង់ស្រឡៅ មានដូចជា៖ កោះមាន់ចំនួន២០៥កេស ស្មើនឹង ២៤៦០គីឡូក្រាម, ស្លាបមាន់ ចំនួន ៤៥កេស ស្មើនឹង ៥៤០គីឡូក្រាម, ត្រីកន្ធរ ចំនួន ១០០ការុង ស្មើនឹង២០០០គីឡូក្រាម,
នំម្សៅបំពង ចំនួន ១៤០គីឡូក្រាម, ទំនិញដែលត្រូវរឹបអូស ហើយដុតកម្ទេច៤មុខខាងលើសរុបទម្ងន់៥០១៤០គីឡូក្រាម។ ដោយឡែករថយន្តល្មើសទាំង៤គ្រឿងនេះ ត្រូវផាកពិន័យតាមច្បាប់។

សូមបញ្ជាក់ថា រថយន្តដឹកទំនិញទាំង៤ គ្រឿង នេះ ត្រូវបានលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត បានធ្វើការឃាត់នៅច្រកព្រំដែនកំពង់ស្រឡៅ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដោយសហការជាមួយកម្លាំងយោធា និងសាខាគយរដ្ឋករខេត្ត និងគយតំបន់៥៕