ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចុះត្រួតពិនិត្យបន្ទប់ថ្វាយបង្គំ នៅអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ដែលគ្រោងនឹងបើកដំណើរការឆាប់ៗនេះ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៥ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងសហការី បានអញ្ជើញពិនិត្យបន្ទប់ថ្វាយបង្គំ (សឡាត) និងតម្រង់ទិស Qiblat នាទិសខាងលិច ទៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលសាសនិកឥស្លាមថ្វាយបង្គំតម្រង់ទៅទីនោះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ដែលគ្រោងនឹង បើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។

ជួសមុខឱ្យសាសនិកឥស្លាមកម្ពុជា ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណអ្នកឧកញ៉ា ពុង ឃាវសែ, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីលេខាធិការដ្ឋានអាកាសចរណ៍សុីវិល, ឧកញ៉ា ឆារស៍ វ៉ាន់ ដែលបានផ្ដល់ជូន និងបានរៀបចំបន្ទប់ថ្វាយបង្គំ សម្រាប់ បុរសនៅស្លាបខាងស្ដាំ និងស្ត្រីនៅស្លាបខាងឆ្វេង ជាសាធារណៈសម្រាប់អ្នកដំណើរ ភ្ញៀវ ដែលអញ្ជើញមកដល់ព្រលាន និងបន្ទប់ថ្វាយបង្គំនៅផ្នែកខាងក្នុង សម្រាប់អ្នកដំណើរដែលចូលទៅក្នុងបន្ទាប់ពីបានបោះត្រាឆ្លងប៉ូលីសអន្តោរប្រវេសន៍រួច។

ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅយ៉ាងក្រៃលែង ចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងបានអំពាវនាវឱ្យស្ថាប័នរដ្ឋ វិស័យរដ្ឋ និងឯកជន មន្ទីរពេទ្យ សណ្ឋាគារ ធនាគារ រោងចក្រសហគ្រាស ផ្សារ នៅតាមស្ថានីយ៍ ឥនន្ទៈជាដើម ក្នុងការសម្រួលរៀបចំឱ្យមានបន្ទប់ទីកន្លែងថ្វាយបង្គំសម្រាប់បង្កនូវភាពងាយស្រួលជូនដល់សាសនិកឥស្លាមទូទៅផងដែរ៕