សត្វខ្ទីងដ៏កម្រមួយក្បាលវង្វេងមកសម្របខ្លួនដើររកស៊ីជាមួយហ្វូងគោស្រុកនៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ រឿងគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាលនៃខេត្តព្រះវិហារ បន្ទាប់ពីសត្វខ្ទីង (គោព្រៃ) ដ៏កម្រមួយក្បាល បានវង្វេងមកសម្របខ្លួន រស់នៅ និងដើររកស៊ីជាមួយហ្វូងគោស្រុករបស់ប្រជាពលរដ្ឋយ៉ាងសុខសាន្ត។

នេះបើតាមការប្រកាសពីផេករដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹង ថា៖ សត្វខ្ទីងមួយក្បាលត្រូវបានប្រទះឃើញកំពុងស្នាក់អាស្រ័យ និងដើររកស៊ីជាមួយហ្វូងគោ នៅភូមិសាស្ត្រព្រៃឡង់ ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៦។

រដ្ឋបាលខេត្តព្រះវិហារបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការការពារ និងអភិរក្សសត្វព្រៃដ៏កម្រនេះ ឱ្យមានសុវត្ថិភាពខ្ពស់បំផុត។

សូមបញ្ជាក់ថា វត្តមានរបស់សត្វខ្ទីងនៅតំបន់ព្រៃឡង់ ស្រុកជ័យសែន នាពេលនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងខេត្តព្រះវិហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាររំលឹកដ៏មានសារៈសំខាន់មួយ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យបង្កើនការស្រឡាញ់ និងចូលរួមការពារសត្វព្រៃ ដែលជាសម្បត្តិធម្មជាតិ និងមរតកដូនតា ឱ្យបានគង់វង្សសម្រាប់ជំនាន់ក្រោយ។

បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងតាមដាន និងរៀបចំវិធានការសមស្រប ដើម្បីធានាសុវត្ថិភាពដល់សត្វខ្ទីងដ៏កម្រនេះ៕