ត្បូងឃ្មុំ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលគម្រោងព្រែក ជីកហ្វូណនតេជោ សាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា ដោយអាចធ្វើការដឹកជញ្ជូនផ្ទាល់ពីផែកម្ពុជាទៅកាន់ពិភពលោក ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃទៀត។
សម្ដេចមហាបវរធិបតី បានថ្លែងបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ផលិតផលរបស់យើង ឥឡូវលែងពឹងផ្អែកលើការដឹកជញ្ជូនតាមប្រទេសផ្សេងទៀតហើយ។ បច្ចុប្បន្ន ការដឹកជញ្ជូនធំៗពីសាកលលោកមកផែកម្ពុជា មានត្រឹមតែ ១៥% ទៅ ១៦% ប៉ុណ្ណោះ ហើយយើងត្រូវចតកប៉ាល់នៅប្រទេសផ្សេង ដើម្បីផ្ទេរទំនិញ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ យើងអាចដឹកកសិផលផ្ទាល់ទៅចិនបានហើយ ដែលកាលមុនត្រូវពឹងផ្អែកលើការផ្ទេរចុះឡើង ចំណាយថ្លៃ និងមានបញ្ហាជាច្រើន»។
សម្ដេចបានបន្តថា នៅពេលព្រែកជីកហ្វូណនតេជោ ត្រូវបានសាងសង់រួចរាល់ កម្ពុជានឹងមានសមត្ថភាពរុញទំនិញធំៗចេញពីផែខេត្តព្រះសីហនុ និងតភ្ជាប់ផ្ទាល់ទៅកាន់ពិភពលោក។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងព្រែកជីកនេះ នឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនរួមមាន៖ការសម្រួលការដឹកជញ្ជូន និងកាត់បន្ថយការចំណាយ, ធានាសមត្ថភាពធារាសាស្ត្រ សម្រាប់ដីស្រូវរាប់លានហិកតា,បង្កើតតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្មថ្មីៗ,ជួយអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ និងវារីវប្បកម្ម, ជួយរំដោះទឹកជំនន់ និងបង្កើនផលត្រីទឹកសាប ។
សម្ដេចបានបញ្ជាក់ទៀតថា គម្រោងខ្លះត្រូវតែអនុវត្ត ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិទាំងមូល ជាពិសេសវិស័យដឹកជញ្ជូន ដែលជាកត្តាសំខាន់ក្នុងការបង្កើនភាពប្រកួតប្រជែង។ សម្ដេចបានបញ្ជាក់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ នឹងមិនធ្វើឱ្យខាតបង់នោះឡើយ ផ្ទុយទៅវិញ នឹងនាំមកនូវផលចំណេញយ៉ាងធំធេង។
គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់ តភ្ជាប់រវាងទន្លេមេគង្គ និងសមុទ្រ មានប្រវែងជិត ១៨០ គីឡូម៉ែត្រ។ គម្រោងនេះចាប់ផ្ដើមពីព្រែកតាកែវ (ទន្លេមេគង្គ) ឆ្លងកាត់ទន្លេបាសាក់ រហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងកែប។
គម្រោងនេះមានទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក នឹងជួយបង្កើតផែរណបថ្មីៗ តំបន់ពាណិជ្ជកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ៕
