កំពង់ឆ្នាំង៖ ក្នុងគោលបំណងផ្តល់សុខុមាលភាពដល់ បងប្អូននិវត្តន៍ជន រួមទាំងការថែទាំសុខភាពភ្នែកផង ដែរនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា ចុះមូលដ្ឋានសង្កាត់កំពង់ឆ្នាំង រួមសហការជាមួយអង្គការ ហ្វ្រេតហ្វេល ឡូស (Fred Hollows) និងក្រុមហ៊ុនអេស៊ីល័រ កម្ពុជា បានរៀបចំកម្មវិធីសំណេះសំណាលជាមួយនិវត្តន៍ជនសង្កាត់កំពង់ឆ្នាំង ជុំទី២ រួមទាំងសកម្មភាពពិនិត្យភ្នែក និងចែកវ៉ែនតាឥតគិតថ្លៃ។
កម្មវិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានសង្កាត់កំពង់ឆ្នាំង និង លោកស្រី ប៊ន សុភី ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានសង្កាត់កំពង់ឆ្នាំង និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាល ខេត្ត ក្រុង និងសង្កាត់ជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត សឿ សុជាតា រួមជាមួយក្រុមការងារ បានចែកអំណោយជូនគ្រួសារនិវត្តន៍ជនចំនួន ១០០គ្រួសារ។ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២០គីឡូក្រាម, ម្សៅស៊ុប ៤០ក្រាម (១កញ្ចប់), ទឹកសណ្តែកអំណោយក្រុមហ៊ុនយ៉ូស (១កេស), សៀវភៅសរសេរ ២ក្បាល )ប៊ិច ២ដើម, ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ,សារ៉ុងឥណ្ឌូនេស៊ី១ , ថវិកា ២០.០០០ រៀល (២ម៉ឺនរៀល) ។
បន្ថែមពីនេះ ក្រុមការងាររបស់អង្គការ ហ្វ្រេតហ្វេល ឡូស និងក្រុមហ៊ុនអេស៊ីល័រ កម្ពុជា បានចុះពិនិត្យភ្នែក និងចែកវ៉ែនតាឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋនិវត្តន៍ជនផងដែរ៕
