សមត្ថកិច្ចឃាត់រថយន្តដឹកជញ្ជូនទំនិញខុសច្បាប់ជាង៥តោននិងសម្រេចដុតបំផ្លាញចោល

កំពង់ធំ៖ ត្រីសាម៉ុន គ្រឿងក្នុងសត្វមាន់ ទឹកស៊ីអុីវ និងវ៉ាសាបី សរុបជាង៥តោន ដែលគ្មានលិខិតបញ្ជាក់ច្បាប់ និងការដឹកជញ្ជូនមិនត្រឹមត្រូវតាមបច្ចេកទេស ត្រូវបានសមត្ថ កិច្ចជំនាញពាក់ព័ន្ធខេត្តកំពង់ធំ បង្ក្រាបបាន និងដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ការបង្ក្រាបនេះអនុវត្តតាមការចង្អុលបង្ហាញរបស់ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ។ កម្លាំងការិយា ល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) និងខណ្ឌរដ្ឋបាលជលផល ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សាយ វាសនា ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

ទំនិញដែលត្រូវបានឃាត់បានរួមមាន៖ត្រីសាម៉ុន ១៤០កេស ស្មើនឹង ៣,០១០ គីឡូក្រាម គ្រឿងក្នុងសត្វមាន់ ២១០កេស ស្មើនឹង ២,៥២០គីឡូក្រាម ទឹកស៊ីអុីវ ១០០ កាន ស្មើនឹង ៤០០លីត្រ វ៉ាសាបី ២កេស ស្មើនឹង ១០០គីឡូក្រាម ។

ទំនិញទាំងនេះត្រូវបានដឹកជញ្ជូនដោយរថយន្តក្រុងម៉ាកហុយិនដាយ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 3D-3941 ត្រូវបានសមត្ថកិច្ចឃាត់នៅថ្ងៃទី១៨ សីហា  ឆ្នាំ ២០២៥ វេលាម៉ោង១៣និង៤០នាទី ត្រង់ចំណុចស័កបីអ៊ុំ ភូមិវល្លិ៍យាវ ឃុំត្រពាំង ឬស្សី ស្រុកកំពង់ស្វាយ។

ការសម្រេចដុតបំផ្លាញទំនិញខុសច្បាប់ខាង លើ មានផ្អែកលើស្មារតីអង្គប្រជុំថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២៥ របស់ក្រុមការងារចម្រុះ ដែលសម្របសម្រួលដោយសាលាដំបូងខេត្តកំពង់ធំ។

លោក ហេង ភារម្យ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ការបង្ក្រាបនេះអនុវត្តតាមបទបញ្ជាររបស់រាជរដ្ឋាភិបាល និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដើម្បីទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ និងការបំពានច្បាប់ព្រំដែន។