រតនគិរី៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ប្រជាពលរដ្ឋមួយក្រុមបានលើកគ្នាទៅវាយកម្ទេច និងដុតទីស្នាក់ ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី។
របាយការណ៍បង្ហាញថា នៅព្រឹកថ្ងៃដដែល ក្រុមការងារមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ចំនួន ៣នាក់ និងអ្នកល្បាតស្ម័គ្រចិត្ត១នាក់ បានចុះល្បាតនៅចំណុចព្រៃមាស ស្ថិតនៅភូមិថ្មី (ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ក្រុមការងារបានឃើញប្រជាពលរដ្ឋប្រមាណ ៨០នាក់ កំពុងសម្រុកចូលជីករ៉ែមាស ហើយបានអប់រំណែនាំឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ។
លុះដល់រសៀលថ្ងៃដដែល មានសេចក្តីរាយការណ៍ថា ពលរដ្ឋម្នាក់ដែលកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះ បានដួលម៉ូតូស្លាប់។ ជនរងគ្រោះរស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ប្រជាពលរដ្ឋបានលើកឡើងថា ការស្លាប់នេះកើតឡើងដោយសារមន្ត្រីឧទ្យានុរក្សដេញចាប់ និងមានផ្ទុះអាវុធ ដែលបណ្តាលឱ្យដួលម៉ូតូ។ តែមន្ត្រីឧទ្យានុរក្សបានច្រានចោលការលើកឡើងនេះ ដោយបញ្ជាក់ថា ពួកគាត់មិនបានដេញចាប់ ឬផ្ទុះអាវុធណាមួយឡើយ គ្រាន់តែអប់រំណែនាំឱ្យត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ។
ផ្តើមចេញពីរឿងពលរដ្ឋម្នាក់បានស្លាប់នេះ នៅវេលាម៉ោងប្រហែល ៤ រសៀល ប្រជាពលរដ្ឋនៅភូមិរយ៉ បានលើកគ្នាជាច្រើននាក់ ទៅវាយកម្ទេច និងដុតទីស្នាក់ការរងស្រែជ្រៃ។
រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានបន្ថែមអំពីការប៉ះទង្គិច ឬវិធានការតាមផ្លូវច្បាប់ពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ៕

