ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ កម្មករ-កម្មការិនីរោងចក្រលានហ្វាហេងយូ ដែលមានទីតាំងស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បាននាំគ្នាប្រមូលផ្តុំ និងបិទផ្លូវជាតិលេខ៥ ដើម្បីទាមទារឲ្យថ្នាក់ដឹកនាំរោងចក្រដោះស្រាយបញ្ហាជម្លោះជាមួយមេរដ្ឋបាលម្នាក់។
យោងតាមប្រភពព័ត៌មាន មេរដ្ឋបាលរូបនេះ ដែលជាអ្នកបកប្រែភាសាចិន និងមានឈ្មោះថា លោក ផុង សុខា បានប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរប្រមាថ និងកាយវិការមិនសមរម្យ រួមទាំងធាក់តុម៉ាស៊ីនដាក់កម្មករ ដែលបង្កឲ្យមានការមិនពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមកម្មករ។
ក្រោយពីការតវ៉ារហូតដល់បិទផ្លូវជាតិលេខ៥ ភាគីរោងចក្របានសម្រេចបញ្ឈប់មេរដ្ឋបាលរូបនេះភ្លាមៗ។ បន្ទាប់ពីទទួលបានការដោះស្រាយបែបនេះ បងប្អូនកម្មករក៏បានសម្រេចបើកផ្លូវជាតិឡើងវិញ ដើម្បីឲ្យចរាចរណ៍ប្រព្រឹត្តទៅដោយធម្មតា។
បាតុភាពខាងលើនេះបានទាក់ទាញការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន និងសាធារណជន ដោយសារតែការបិទផ្លូវជាតិដែលជាផ្លូវសំខាន់សម្រាប់ចរាចរណ៍ក្នុងតំបន់។
