ភ្នំពេញៈ ករណីឆ្លងចរន្តអគ្គិសនីបង្កឲ្យកើត អណ្តាតភ្លើងឆាបឆេះរថយន្តម៉ាក Lexus NX200t មួយគ្រឿង ពាក់ផ្លាកលេខកម្ពុជា PICH.PHP ដែលត្រូវបានទុកចោលក្នុងឃ្លាំងមួយកន្លែង បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតំបន់នោះ ក៏ដូចជាមន្ត្រីជំនាញពន្លត់អគ្គីភ័យដែលបានប្រញាប់ប្រញាល់ទៅអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ០១:៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមក្បែរស្តុបទេពផន សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល គោក រាជធានីភ្នំពេញ។
យោងតាមប្រភពនៅទីកន្លែង បានឲ្យដឹងថា រថយន្តខាងលើត្រូវបានទុកចោលក្នុងឃ្លាំងមួយ មុនពេលមានការឆ្លងចរន្តអគ្គិសនី បង្កឲ្យឆេះ។ ភ្លើងបានឆាបឆេះយ៉ាងឆាប់រហ័ស ប៉ុន្តែសំណាងល្អដែលក្រុមការងារពន្លត់អគ្គីភ័យបានទៅដល់ទាន់ពេលវេលា និងបាញ់ពន្លត់បានជោគជ័យ ដោយមិនមានជនរងគ្រោះឬរបួសណាមួយឡើយ។
ការអន្តរាគមន៍របស់មន្ត្រីជំនាញបានជួយទប់ស្កាត់មិនឲ្យភ្លើងរាលដាលបន្ថែមទៅកាន់អគារឬយានយន្តផ្សេងទៀតនៅក្នុងតំបន់។ បច្ចុប្បន្ន អាជ្ញាធរពាក់ព័ន្ធកំពុងស៊ើបអង្កេតបន្ថែមអំពីមូលហេតុច្បាស់លាស់នៃការឆ្លងចរន្តអគ្គិសនីនេះ។
ប្រភពព័ត៌មានបានបន្តឲ្យដឹងថា ការកើតឡើងនៃហេតុការណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋនៅជុំវិញតំបន់មានការភ័យខ្លាចបន្តិច ប៉ុន្តែស្ថានការណ៍ត្រូវបានគ្រប់គ្រងបានល្អហើយ។
