ខេត្តចំនួន៦នៅភាគខាងជើងនៃប្រទេសថៃកំពុងរងការយាយីពីគ្រោះទឹកជំនន់

ខេត្តចំនួន៦នៅភាគខាងជើងប្រទេសថៃដូចជា Sukhothai, Phichit, Phitsanulok, Chiang Rai, Nan និង Phrae កំពុងជន់លិចធ្ងន់ធ្ងរ បណ្តាលឲ្យខូចខាតដល់ដីស្រែរាប់ម៉ឺនហិកតា បង្កទុក្ខវេទនាដល់ប្រជាជន។

Khaosod បានចុះផ្សាយនៅថ្ងៃពុធទី២០ខែសីហាឆ្នាំ២០២៥ ខេត្តទាំងនេះត្រូវជន់លិចដោយសារទឹកទន្លេឡើងខ្ពស់ ហើយតំបន់វាលទំនាបត្រូវរងផលប៉ះពាល់ខ្លាំងបំផុត។

គ្រោះធម្មជាតិនេះបានជន់លិចផ្ទះសម្បែង សំណង់ហេដ្ឋារចនាសម្ព័ន្ធ កាត់ផ្តាច់ផ្លូវថ្នល់-ស្ពាន និងបណ្តាលឲ្យពលរដ្ឋនៅតាមសហគមន៍នានាត្រូវជួបទុក្ខលំបាក ខណៈគ្រួសារយ៉ាងច្រើន ត្រូវបង្ខំចិត្តជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។

ជុំវិញគ្រោះទឹកជំនន់នេះដែរ ទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាលំហនិងព័ត៌មានភូមិសាស្ត្រថៃ (GISTDA) បា​នបញ្ចេញរូបភាពថតតាមផ្កាយរណប បង្ហាញពីខេត្តទាំង៦របស់ថៃ ត្រូវទឹកជនន់លិចប្រៀបដូចជាទន្លេ។

ក្នុងរបាយការណ៍របស់ GISTDA, ខេត្តទាំង៦នេះ ត្រូវទឹកជន់លិចសរុបជាផ្ទៃដីប្រមាណ ៣៥ ០០០ហិកតា ជាពិសេសដីកសិកម្មនៅតាមតំបន់វាលទំនាប៕