ធនាគារ កាណាឌីយ៉ា ឈ្នះពានរង្វាន់ «ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្មខ្នាតធំ» ជាលើកទី៣ ពីស្ថាប័ន Euromoney

ភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា ដែលមានវត្តមានជាង ៣០ ឆ្នាំក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ ត្រូវបានទទួលស្គាល់ជាថ្មីម្តងទៀតនៅជាមួយពានរង្វាន់សម្រាប់ឧត្តមភាព ពីស្ថាប័ន Euromoney។ ធនាគារត្រូវបានគេទទួលស្គាល់ជាមួយពានរង្វាន់ «ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្មខ្នាតធំ ក្នុងឆ្នាំ២០២៥» ដែលជាការឈ្នះលើកទីបី និងជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០២៣ មកម្ល៉េះ។

ការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ បញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ធនាគារ កាណាឌីយ៉ា ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្រប ដែលជួយទៅដល់អតិថិជនជាម្ចាស់សាជីវកម្មក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ គ្រប់គ្រងលំហូរសាច់ប្រាក់ និងពង្រីកអាជីវកម្មរបស់ខ្លួន។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនដោយស្ថាប័ន Euromoney ដែលជាស្ថាប័នបោះពុម្ពផ្សាយព័ត៌មានផ្នែកហិរញ្ញវត្ថុ ជាមួយការទទួលស្គាល់លំដាប់ពិភពលោក ទៅលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងទិន្នន័យច្បាស់លាស់ ហើយពានរង្វាន់សម្រាប់ឧត្តមភាព មួយនេះគឺផ្តល់កិត្តិយសទៅដល់ស្ថាប័នជាច្រើនដែលបានបង្ហាញពីការអនុវត្តដ៏ល្អប្រសើរទៅលើនវានុវត្តន៍ថ្មីៗនៃ ផ្នែកហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំក្នុងឧស្សាហកម្មធនាគារ។