ព្រះសីហនុ៖ វេលាម៉ោង១០៖៣០នាទី ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលគ្រឿងញៀនចំនួន ៦០កញ្ចប់ ស្មើនឹងប្រមាណ ៦០គីឡូក្រាម ពីប្រជានេសាទម្នាក់ ឈ្មោះ ស៉ី សឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកនេសាទ ស្នាក់នៅភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។
ប្រជានេសាទរូបនេះ បានប្រទះឃើញ និងស្រង់គ្រឿងញៀនចំនួន ០៣បាវ នៅលើផ្ទៃសមុទ្រ នៅម្ដុំកោះសេះ ស្ថិតក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅវេលាម៉ោង ១៥៖០០នាទីរសៀល ថ្ងៃដដែល លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានប្រគល់គ្រឿងញៀនទាំងនោះ ទៅឱ្យលោកវរសេនីយ៍ឯក អិន សំអុល នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
យោងតាមមន្ត្រីអាវុធហត្ថ គ្រឿងញៀនទាំងនេះ ជាផ្នែកនៃការបើកប្រតិបត្តិការបង្ក្រាបដោយកម្លាំងនគរបាលនាយកដ្ឋានការពារព្រំដែនទឹក កាលពីយប់រំលងអាធាត្រថ្ងៃទី២៣ ខែកញ្ញា នៅម្ដុំកោះសេះ ដែលក្រុមជនល្មើសបានលួចទម្លាក់ចោលទៅក្នុងទឹកសមុទ្រ។
