កំពង់ឆ្នាំង៖ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង សូមអំពាវនាវ និងអញ្ជើញបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជិតឆ្ងាយទាំងអស់ មកទស្សនាកម្សាន្តនៅរមណីយដ្ឋានធម្មជាតិ «ទំនប់កប់សេះ» ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលកំពុងប្រព្រឹត្តទៅនារដូវកាលនេះ។
រមណីយដ្ឋានទំនប់កប់សេះ គឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមានទីតាំងស្ថិតនៅភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ទីកន្លែងនេះមានចំណុចពិសេសដែលទាក់ទាញភ្ញៀវទេសចរមិនចេះដាច់ គឺទិដ្ឋភាពទឹកហូរកាត់ផ្លូវ ទឹកថ្លាឈ្វេង និងមានសភាពត្រជាក់ល្ហឹម ដែលស័ក្តិសមបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ងូតទឹកជម្រះកាយ និងបំបាត់ភាពតានតឹងបន្ទាប់ពីសម្រាកពីការងារ។
ជាក់ស្តែង ជារៀងរាល់ថ្ងៃ គេសង្កេតឃើញមានភ្ញៀវទេសចរជិតឆ្ងាយ មកទស្សនា និងងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយឥតដាច់ឡើយ។
ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ និងធានាបាននូវផាសុកភាព ភាពសប្បាយរីករាយ នៅក្នុងតំបន់កម្សាន្តនេះ ក៏មានបងប្អូនអាជីវករក្នុងស្រុករៀបចំតូបលក់ដូរនូវម្ហូបអាហារឆ្ងាញ់ៗ និងភេសជ្ជៈគ្រប់ប្រភេទយ៉ាងសម្បូរបែប សម្រាប់បម្រើជូនភ្ញៀវទេសចរផងដែរ។
អ្វីដែលកាន់តែពិសេស និងផ្តល់ភាពកក់ក្តៅយ៉ាងក្រៃលែងដល់ភ្ញៀវទេសចរនោះ គឺអាជ្ញាធរមូលដ្ឋានបានរៀបចំដាក់ពង្រាយកងកម្លាំងនគរបាល និងកម្លាំងប្រជាការពារភូមិ នៅប្រចាំការជាប្រចាំ ដើម្បីជួយសម្រួលសណ្ដាប់ធ្នាប់ ចរាចរណ៍ និងការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្ត ដោយយកចិត្តទុកដាក់បំផុត។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ចូលរួមមកកម្សាន្តនៅរមណីយដ្ឋានទំនប់កប់សេះឱ្យបានច្រើនកុះករ ដើម្បីញុំាងបរិយាកាសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះឱ្យកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ។
សម្រាប់បងប្អូនដែលចង់ធ្វើដំណើរទៅកាន់ទីនោះ អាចស្វែងរកទីតាំងបានយ៉ាងងាយស្រួល តាមរយៈតំណភ្ជាប់ផែនទី (Google Maps) ដូចខាងក្រោម៖ តំណភ្ជាប់ទីតាំងទំនប់កប់សេះ https://maps.app.goo.g/RGCgD29b9PQiYmbv8
