កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បង្ក្រាបទីតាំងលក់ម៉ូតូ YAMAHA PG-1 ខុសច្បាប់ ៥កន្លែង នៅក្រុងសួង និងស្រុកមេមត់ ដកហូតបាន ៩គ្រឿង

ត្បូងឃ្មុំ៖ ម៉ូតូម៉ាក YAMAHA PG-1 ចំនួន ០៩គ្រឿង ដែលដាក់តាំងលក់ដោយខុសច្បាប់ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឆ្មក់បង្ក្រាប និងដកហូតពីទីតាំងអាជីវកម្មចំនួន ០៥កន្លែង ស្ថិតក្នុងក្រុងសួង និងស្រុកមេមត់ ដើម្បីយកទៅរក្សាទុក និងបន្តនីតិវិធីផ្លូវច្បាប់។

​ប្រតិបត្តិការចុះបង្ក្រាបបទល្មើសលក់ទំនិញខុសច្បាប់នេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមានការសម្របសម្រួលនីតិវិធីយ៉ាងម៉ត់ចត់ពី លោក កែវ ភក្តី និង លោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។

​របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបជាក់ស្តែង កម្លាំងជំនាញបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មតាំងលក់ម៉ូតូ ដោយបានរកឃើញ និងបង្ក្រាបទីតាំងក្នុងក្រុងសួងចំនួន ០២កន្លែង និងក្នុងស្រុកមេមត់ចំនួន ០៣កន្លែង។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានសម្រេចដកហូតម៉ូតូម៉ាក YAMAHA PG-1 ខុសច្បាប់សរុបចំនួន ០៩គ្រឿង។

​បច្ចុប្បន្ន វត្ថុតាងម៉ូតូទាំង ០៩គ្រឿងនេះ ត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី និងកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះម្ចាស់ទីតាំងពាក់ព័ន្ធ។

​ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ចំណាត់ការក្តៅក្នុងការដកហូតម៉ូតូខុសច្បាប់ទាំងនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងផ្លូវការពី ក្រុមហ៊ុន ខេ អេស ជី អាយ (ខេមបូឌា) ឯ.ក (KSGI Cambodia Co., Ltd.) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនៅកម្ពុជាលើម៉ូតូម៉ាក YAMAHA ពីក្រុមហ៊ុន YAMAHA HATSUDOKI KAISHA នៃប្រទេសជប៉ុន និងមានការចុះបញ្ជីសិទ្ធិផ្តាច់មុខត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្មកម្ពុជា។

​មន្ត្រីជំនាញបានគូសបញ្ជាក់ថា ការចាត់វិធានការនាពេលនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖
ទី១. ពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា និងការពារសិទ្ធិអាជីវកម្មស្របច្បាប់របស់ក្រុមហ៊ុនវិនិយោគ។
ទី២. លុបបំបាត់អំពើគេចពន្ធ និងសារពើពន្ធ ដែលធ្វើឱ្យខាតបង់ថវិការដ្ឋ និងប៉ះពាល់ដល់ទីផ្សារប្រកួតប្រជែងដោយស្មោះត្រង់។
ទី៣. ការពារផលប្រយោជន៍ និងសុវត្ថិភាពអ្នកប្រើប្រាស់ ពីការទិញផលិតផលនាំចូលខុសច្បាប់ ដែលគ្មានការធានាគុណភាព ឬសេវាថែទាំត្រឹមត្រូវ។

​ឆ្លៀតក្នុងឱកាសនេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវ និងចេញសេចក្តីព្រមានជាថ្មីដល់អាជីវករទាំងអស់ ដែលកំពុងដាក់តាំងលក់ ឬផ្សព្វផ្សាយលក់ម៉ូតូម៉ាក YAMAHA PG-1 ម៉ូដែល YAMAHA ផ្សេងៗទៀត ឬម៉ូតូម៉ាកដទៃទៀតដែលនាំចូលខុសច្បាប់ សូមបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។

សមត្ថកិច្ចនឹងបន្តសហការជាមួយស្ថាប័នអយ្យការ និងអាជ្ញាធរពាក់ព័ន្ធ បន្តចុះស្រាវជ្រាវ បង្ក្រាប និងដកហូតបន្ថែមទៀតដោយគ្មានការលើកលែងឡើយ ចំពោះបុគ្គល ឬទីតាំងណាដែលនៅតែបន្តប្រព្រឹត្តបទល្មើស៕