បន្ទាយមានជ័យ៖ ស្ថានភាពទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បាននិងកំពុងបន្តវាយលុកយ៉ាងខ្លាំងនៅតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ដោយជំរុញឱ្យរដ្ឋបាលខេត្តដាក់ចេញបទបញ្ជាបន្ទាន់ និងម៉ឺងម៉ាត់នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះឱ្យបានទាន់ពេលវេលា។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យរដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រៀមកម្លាំងបន្ថែម និងប្រមូលផ្តុំមធ្យោបាយគ្រប់ប្រភេទ ដើម្បីត្រៀមចេញអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ប្រឈមហានិភ័យខ្ពស់ និងតំបន់រងគ្រោះធ្ងន់ធ្ងរ ទៅកាន់ទីទួលសុវត្ថិភាពដែលបានរៀបចំទុកជាស្រេច។
បទបញ្ជាបន្ទាន់នេះ ត្រូវបានដាក់ចេញស្របពេលស្ថានភាពទឹកជំនន់កំពុងបន្តហូរលិចលង់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ព្រមទាំងបណ្តាស្រុកមួយចំនួនទៀត។ ស្ថានភាពនេះតម្រូវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការត្រៀមលក្ខណៈ និងអន្តរាគមន៍ឱ្យបានខ្ពស់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានចាត់ចែងរៀបចំក្រុមគ្រូពេទ្យប្រចាំការនៅទីទួលសុវត្ថិភាព ដើម្បីពិនិត្យសុខភាព និងផ្តល់ថ្នាំសង្កូវជូនប្រជាពលរដ្ឋ ព្រមទាំងដាក់ពង្រាយកម្លាំងសមត្ថកិច្ច ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅតាមទីទួលសុវត្ថិភាពនីមួយៗ៕
