ភ្នំពេញ៖ ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងប្រចាំខណ្ឌមានជ័យ បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១នាក់ (ក្នុងនោះមានជនជាតិចិនម្នាក់) ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ ព្រមទាំងរឹបអូសបានគ្រឿងញៀនចម្រុះជាង ៦គីឡូក្រាម រួមទាំងអាវុធខ្លីចំនួន ០២ដើម។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១២ និង ២០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងជំនាញបានចំណាយពេលជាច្រើនថ្ងៃ ក្នុងការចុះស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបជាបន្តបន្ទាប់នៅទីតាំងចំនួន ០៦កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផល ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ និងរឹបអូសវត្ថុតាងសំខាន់ៗមួយចំនួនរួមមាន៖ គ្រឿងញៀនចម្រុះទម្ងន់សរុប ៦.២០៦២៧ គីឡូក្រាម អាវុធខ្លី ចំនួន ០២ដើម (ម៉ាក K54 ចំនួន ០១ដើម មានបង់១ គ្រាប់ចំនួន ០៦គ្រាប់ និងម៉ាក HKvp9 ចំនួន ០១ដើម) គ្រាប់កាំភ្លើងចំនួន ៤៣គ្រាប់ និង
សម្ភារពាក់ព័ន្ធផ្សេងៗ៖ មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង ១១នាក់ រួមជាមួយនឹងវត្ថុតាងដែលរឹបអូសបាន កំពុងត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
