ក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ» សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០២៥នេះទាំងអស់ គោរពបទបញ្ញត្តិនៃប្រឡង និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីជំរុញឱ្យដំណើរការនៃការប្រឡងមានភាពរលូន និងទទួលបានជោគជ័យទាំងអស់គ្នា។
លោកបណ្ឌិតសភាចារ្យ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា ខ្ញុំសូមអំពាវនាវដល់ក្មួយៗ ជាបេក្ខជនទាំងអស់ សូមគោរពបទបញ្ញត្តិនៃការប្រឡង ឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវយកតាមខ្លួននូវឧបករណ៍អេឡិចត្រូនិក គ្រប់ប្រភេទ សំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង និងបន្ទប់ប្រឡងជាដាច់ខាត ហើយមិនត្រូវប្រព្រឹត្តិសកម្មភាពផ្ទុយនឹងបទបញ្ញត្តិនានានៃការប្រឡងឡើយ។
ជាមួយគ្នានេះ បេក្ខជនប្រឡងទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរ ទៅនិងមកមណ្ឌលប្រឡង ដើម្បីជៀសវាងកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោកសូមជូនពរបេក្ខជន ឱ្យទទួលបានលទ្ធផលល្អឱ្យបានគ្រប់ៗគ្នា ហើយចំពោះបេក្ខជនមកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សូមកុំឱ្យមានការព្រួយបារម្ភ ដោយក្រសួងនឹងផ្តល់ប្រាក់ឧបត្ថម្ភ និងមី ដល់បេក្ខជននៃខេត្តទាំងពីរ ដែលជាការជួយដល់ការហូបចុក និងស្នាក់នៅ និងដាក់ចេញនូវវិធានជួយដល់ពួកគេផងដែរ។
បន្ថែមពីនេះលោក លើកទឹកចិត្តដល់គណៈមេប្រយោគ និងគណៈកម្មការនានាពាក់ព័ន្ធនឹងការរៀបចំដំណើរការប្រឡើងនៅឆ្នាំនេះ ខិតខំបំពេញតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយវិជ្ជាជីវៈ និងផលិតភាព ដើម្បីធានាថាការប្រឡើងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានជោគជ័យ និងសុវត្ថិភាពទាំងអស់គ្នា៕
