អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញា ធរមីន) សូមធ្វើសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងឧប្បត្តិហេតុផ្ទុះមីនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្បែរ ប្រាសាទតាក្របី និងការចោទប្រកាន់ជាបន្តបន្ទាប់របស់យោធាថៃ។
ក្នុងឧប្បត្តិហេតុខាងលើទាហានថៃ ម្នាក់បានដើរជាន់មីននៅក្នុងតំបន់ព្រំដែន ហើយរងរបួសដាច់ប្រអប់ជើងខាងស្តាំ ហើយយោធា ថៃបាន ចោទប្រកាន់ថាកម្ពុជាបានរំលោភ លើបទឈប់បាញ់ និងអនុសញ្ញាអូតាវ៉ា ដោយកម្ពុជាបានដាក់មីនថ្មីធ្វើពីប្លាស្ទិក ដែល មិនអាចរកឃើញដោយឧបករណ៍ រាវមីនស្តង់ដារ។
អាជ្ញាធរមីន សូមសម្តែងនូវការសោកស្តាយចំពោះទាហានដែលរងគ្រោះដោយសារមីន និងសូម ជូនពរឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែកម្ពុជាក៏សូមបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ ដែលថា កម្ពុជាបានដាក់មិនថ្មី ដោយការចោទប្រកាន់នេះមិនមានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាង ច្បាស់លាស់។ កម្ពុជាប្តេជ្ញាគោរពតាមបទឈប់បាញ់ និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ចាប់តាំងពីឆ្នាំ២០០០ ដោយដាច់ខាតមិនប្រើប្រាស់មីនប្រឆាំងមនុស្ស។ កម្ពុជាមិនបានប្រើប្រាស់ ផលិត ឬដាក់មិនថ្មីឡើយ ចាប់តាំងពីអនុសញ្ញាចូលជាធរមានសម្រាប់កម្ពុជា។
តំបន់ដែលឧប្បត្តិហេតុកើតឡើងស្ថិតនៅតាមបណ្តោយព្រំដែនក្បែរប្រាសាទតាក្របី ដែលជា តំបន់មានមីនច្រើន បន្សល់ទុកពីសម័យសង្គ្រាមជាច្រើនទសវត្សរ៍មកហើយ។
ក្នុងអំឡុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម មីនរាប់លានគ្រាប់ត្រូវបានដាក់នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា រួមទាំងមិនធ្វើពី ផ្លាស្ទិកផងដែរ ដែលមីនប្រភេទនេះ មានសារធាតុលោហៈតិចតួចណាស់ ពិបាកក្នុងការរកឃើញដោយប្រើប្រាស់ឧបករណ៍ រាវមីនស្តង់ដារ។ ប្រតិបត្តិករបោសសម្អាត មីនកម្ពុជាដែលមានជំនាញច្បាស់លាស់ ធ្លាប់រកឃើញនិងកម្ទេចមីនប្រភេទនេះជាច្រើននៅតាមបណ្តោយព្រំដែន អស់រយៈពេលជាច្រើនឆ្នាំមក ហើយ និងបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យសកម្មភាពមីនកម្ពុជា។ ការដែលលើកឡើងថាមីននេះធ្វើពី ផ្លាស្ទិក និងពិបាកក្នុងការរាវរក គឺពិតជាស្របទៅនឹងកំណត់ត្រានៃការបោស សម្អាតមីនរបស់កម្ពុជាក្នុងតំបន់នេះហើយ វាមិនមែនជាមីនថ្មីនោះទេ។ តំបន់ក្បែរប្រាសាទតាក្របី ដែលយោធាថៃបានអះអាងថា មានឧប្បត្តិហេតុផ្ទុះមីន គឺជាតំបន់ដែលមានមីនក្រាស់ និង ហានិភ័យខ្ពស់។ ឧប្បត្តិហេតុនេះ គឺពិតជាបង្កឡើងដោយសារគ្រាប់មីនចាស់ មិនមែនជាគ្រាប់មីនថ្មីឡើយ ហើយទាមទារឱ្យយើង ផ្តោតសំខាន់លើ ការបោសសម្អាតមីនមនុស្សធម៌ ជាជាងការចោទប្រកាន់ដោយគ្មានការពិត។
កម្ពុជា សម្រេចបានសមិទ្ធផលធំធេងក្នុងការបោសសម្អាតមីន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់បច្ចុប្បន្ន។ ទោះជាយ៉ាងនេះក្តី នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅតែបន្តរងគ្រោះធ្ងន់ធ្ងរ ដោយសារមីន ជាពិសេសតំបន់ដែលមិនមែនជាអាទិភាពសម្រាប់ធ្វើការបោសសម្អាត ជូនប្រជាពលរដ្ឋ រស់នៅ និងបម្រើដល់សេដ្ឋកិច្ច-សង្គម តែតំបន់នោះត្រូវបានដាក់ស្លាកសញ្ញាមីន និងធ្វើបច្ចុប្បភាពចម្ការមីន ជាប្រចាំ។
ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ អាជ្ញាធរមីន សូមអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងៀម និងបន្តកិច្ចសហ ប្រតិបត្តិការចៀសវាងការបង្កើនកំដៅ។ កម្ពុជាសូមជំរុញឱ្យភាគីថៃ បង្ហាញនូវភស្តុតាង និងអនុញ្ញាតឱ្យ មានស៊ើបអង្កេតឯករាជ្យ។ កម្ពុជា-ថៃ គឺជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងមានកាតព្វកិច្ចរួមក្នុងការបោស សម្អាតមិនចាស់ និងការពារមិនឱ្យមានការប្រើប្រាស់មិនថ្មី។ កម្ពុជា ស្វាគមន៍ចំពោះយន្តការទ្វេភាគីដែល មានស្រាប់ រួមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ និងគំនិតផ្តួចផ្តើមបោសសម្អាត មីនមនុស្សធម៌។
ជាចុងក្រោយ កម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់ មីន ប្រឆាំងមនុស្សឡើយ និងនៅ តែប្តេជ្ញាអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់។ កម្ពុជានឹងនៅតែ បន្តកិច្ចសហប្រតិ បត្តិការនិងការបោសសម្អាតមីនដែលបន្សល់ ទុកពីសម័យសង្គ្រាម។ កម្ពុជាសូម អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហានេះ ដោយទទួលខុសត្រូវ រក្សាឱ្យបានសន្តិភាព នៅតាមតំបន់ព្រំដែន និងធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជនទាំងពីរ។ កម្ពុជាសូមជំរុញឱ្យភាគីថៃ អនុវត្តតាមបទ ឈប់បាញ់ និងមិនមានចល័តកងទ័ពនៅក្នុងតំបន់នោះ អំឡុងពេលនៃបទឈប់បាញ់។

