ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានផ្គត់ផ្គង់ឈាមដល់មន្ទីរពេទ្យរដ្ឋ និងឯកជន មានកំណើនដល់ ២១០,១៣៦ប្លោក ដោយក្នុងឆ្នាំ២០២៥មានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងអ្នកបរិច្ចាគ ឈាមជំនួសចំនួន ១៨៣,១៤១ប្លោក មានការកើនឡើង ៩,៩៧%បើធៀបទៅនឹងឆ្នាំ២០២៤ ដែលប្រមូលឈាមបានប្រមាណ ១សែន៧ម៉ឺនប្លោក។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍ថា ការទទួលបានអំណោយឈាមច្រើននេះ ដោយសារមានការចូលរួមការបរិច្ចាគឈាមពីសំណាក់ប្រជាពលរដ្ឋ យុវជនយ៉ាងផុលផុស ពិសេសមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមនិងយុវជនកាយរឹទ្ធិជាដើម។
លោកវេជ្ជបណ្ឌិត បានបន្តថា សន្ទុះនៃការចូលរួមបរិច្ចាគឈាមកើនឡើងនេះបានធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចមានលទ្ធភាពស្តុកឈាមបានគ្រប់គ្រាន់ជួយកាត់បន្ថយការបរិច្ចាគឈាមជំនួសសាច់ញាត និងបងប្អូនរបស់អ្នកជំងឺបានមួយកម្រិត ខណៈបច្ចុប្បន្នក្នុង១ថ្ងៃ មានតម្រូវការឈាមនៅទូទាំងប្រទេសបានកើនឡើងដល់៤០០ប្លោក។ ក្នុងនោះនៅរាជធានីភ្នំពេញ មានតម្រូវការឈាមដល់ ៣៥០ប្លោក និងតាមខេត្ត ៥០ប្លោក ដោយ សារនៅតាមខេត្តការវះកាត់មានតិចជាងនៅរាជ ធានីភ្នំពេញ ពោលគឺ ក្នុង១នាទីត្រូវការឈាម ១ប្លោក។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ឈាមទាំងនោះ បានយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺពាក់ព័ន្ធទៅនឹងគ្រោះចរាចរណ៍ ស្ត្រីសម្រាលកូន ការវះកាត់ធំៗ ដូចជាវះកាត់ជំងឺ បេះដូង ជំងឺមិនឆ្លងរួមមានជំងឺមហារីកនិងជំងឺលាងឈាមជាដើម៕

