លោកជំទាវ កែ ច័ន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿង ឧបភោគ-បរិភោគ ព្រមទាំងថវិកាឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ស្ថិតនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកជំទាវ ត្រូវបានអមដំណើរដោយលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ និងសមាជិកក្រុមការងារពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុន្នី បានមានប្រសាសន៍ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ ដែលត្រូវគិតគូរ និងស្វែងរកដំណោះស្រាយជួយសង្គ្រោះឱ្យបានល្អប្រសើរ។ លោកជំទាវបានគូសបញ្ជាក់ថា ទោះ បីការជួយនេះមិនអាចដោះស្រាយបានទាំងស្រុងក៏ដោយ ក៏វាបានចូលរួមចំណែកជួយបំពេញបន្ថែមនូវកង្វះខាតរបស់បងប្អូនបានមួយផ្នែក។ លោកជំទាវបានសង្កត់ធ្ងន់ថា ការឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគនេះ មិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោ បាយអ្វីឡើយ។

លោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ភ្លើងទាន ធូប និងកត្តាផ្សេងទៀតដែលអាចបង្កអគ្គីភ័យ ដើម្បីការពារកុំឱ្យបាត់បង់ទ្រព្យសម្បត្តិដ៏មានតម្លៃ។ លោកជំទាវបានលើកទឹកចិត្តគ្រួសាររងគ្រោះឱ្យមានកម្លាំងចិត្ត កុំបាក់ទឹកចិត្ត ឬអស់សង្ឃឹម ហើយបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសារបន្តទៀត។

គួរបញ្ជាក់ថា ករណីអគ្គីភ័យឆេះផ្ទះបានកើតឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១០:១៥នាទីព្រឹក នៅផ្ទះរបស់ឈ្មោះ ទេព ច័ន្ទមុន្នី ភេទស្រី ជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ នៅវិទ្យាល័យព្រះបាទសុរាម្រឹត ដែលជាស្ត្រីមេម៉ាយមានកូនចំនួន ២ នាក់។ អគ្គីភ័យបានឆាបឆេះផ្ទះអស់ទាំងស្រុង។

ក្នុងឱកាសនោះ លោកជំទាវបាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាសរុបដូចខាងក្រោម៖
ថវិកាចំនួន ២០ ម៉ឺនរៀល (ពីលោកជំទាវផ្ទាល់)
ថវិកាចំនួន ៥០ ម៉ឺនរៀល (ពីឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត) ថវិកាចំនួន ១ លានរៀល (ពីឯកឧត្តម នាយឧត្តសេនីយ៍ សឹង សំណាង មេបញ្ជា ការកងទ័ពអាកាស) ថវិកាចំនួន ៥០ ម៉ឺនរៀល (ពីឯកឧត្តម អ៊ុក ពញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ) ថវិកាចំនួន ២០ ម៉ឺនរៀល (ពីលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ) ។

សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ។