តុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាតិចិន២នាក់ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ
ភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ស សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនបណ្តោះអាសន្នលើបុរសជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំងប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។
ជនត្រូវចោទទាំងពីររូប ដែលត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) មានឈ្មោះ៖ ទី១៖ WANG ZONGQING
និង ទី២៖ LIU DINGHUA បទល្មើសដែលជនទាំងពីររូបនេះត្រូវបានចោទប្រកាន់គឺ «ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង» ដែលប្រព្រឹត្តនៅចំណុច ផ្ទះលេខ ០២-០៨៧ បុរីអេលីហ្សេ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បទល្មើសនេះស្ថិតក្រោមបញ្ញត្តិនៃមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
សកម្មភាពឃុំខ្លួននេះជាផ្នែកមួយនៃការបន្តចាត់វិធានការផ្លូវច្បាប់របស់តុលាការកម្ពុជាលើសំណុំរឿងឆបោកអនឡាញ ដែលមានជនសង្ស័យជាង ៥០០នាក់ រួមទាំងសំណុំរឿងធំៗដូចជាសំណុំរឿងចេន ស៊ី សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងពាក់ព័ន្ធមេខ្លោងជនបរទេសផ្សេងទៀត។ សមត្ថកិច្ចកំពុងបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យវត្ថុតាង និងតាមដានប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បីវែកមុខអង្គការចាត់តាំងដែលប្រើប្រាស់កម្ពុជាជាទីតាំងឆបោកទៅក្រៅប្រទេស។
សូមរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ច្បាស់ពីមុនមក ថាកម្ពុជាមិនមែនជាកន្លែងសម្រាបឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពណាដែលពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ នឹងត្រូវប្រឈមនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ណាមួយ។ វិធានការដែលកំពុងអនុវត្តនេះ គឺដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាឱ្យបានទាំងស្រុងនាពេលខាងមុខ។
