រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ដើម្បីគាំទ្រ និងជួយសម្រាលបន្ទុកចំណាយដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលធ្វើដំណើរទៅលេងស្រុកកំណើត ជួប ជុំក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន៦០០ គ្រឿង សម្រាប់ផ្តល់សេវាដឹកជញ្ជូនដោយមិនបង់ប្រាក់ រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

សេវានេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនី ដែលកំពុងរស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ ដើម្បីអាចត្រឡប់ទៅកាន់ស្រុកកំណើត ឬខេត្តនានា ដោយមិនមានបន្ទុកថ្លៃដើមដឹកជញ្ជូន។ នេះជាវិធានការបន្តគាំទ្រពីរាជរដ្ឋាភិបាល ដែលតែងតែអនុវត្តក្នុងឱកាសបុណ្យប្រពៃណីសំខាន់ៗ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំខ្សែរត់ និងទីតាំងចំណតឡានឱ្យសមស្រប ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវា។ បន្ថែម  ពីនេះ ក៏មានការរៀបចំទឹកសុទ្ធ និងវិធានការសុវត្ថិ ភាពផ្សេងៗដើម្បីធានាការធ្វើដំណើរប្រកបដោយ សុវត្ថិភាព និងសេចក្តីសុខស្រួល។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យអនុវត្តតាមប្រសាសន៍ដឹកនាំ ដើម្បីឱ្យសេវានេះឈានដល់ប្រជាពលរដ្ឋឱ្យបានច្រើនបំផុត និងសូមអំពាវនាវឱ្យសប្បុរសជន និង សហ គមន៍ បន្តជួយឧបត្ថម្ភនំចំណី ទឹកសុទ្ធ និងសម្ភារៈចាំបាច់ផ្សេងទៀត ដល់អ្នកដំណើរ ដើម្បីបង្កើនភាពកក់ក្តៅក្នុងឱកាសបុណ្យ។

សេវាដឹកជញ្ជូនឥតគិតថ្លៃនេះ គឺជាការបង្ហាញពីក្តីករុណា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិ បាល ចំពោះប្រជាពលរដ្ឋ ដើម្បីឱ្យគ្រប់គ្នាអាចអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានដោយសប្បាយរីករាយ និងសន្សំសំចៃ។