លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី ដឹកនាំក្រុមការងាររបស់ស្រុក រួមជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរៀបចំជី និងបណ្តុះដើមកូនអូយម៉ូយ១០០.០០០ដើម

កំពង់ឆ្នាំង៖នៅរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៦ លោក ដូវ គឹមស៊ីន អភិបាលនៃគណៈអភិបាលស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងាររបស់ស្រុក រួមជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សពីសាលាបឋមសិក្សាព្រៃគ្រីជើង ធ្វើការរៀបចំជី និងបណ្តុះដើមកូនអូយម៉ូយ (Cassia grandis) ចំនួន ១០០,០០០ ដើម។

ធ្វើការរៀបចំជី និងបណ្តុះដើមកូនអូយម៉ូយ (Cassia grandis) ចំនួន ១០០,០០០ ដើមនេះ មានគោលបំណងយកដើមកូនទាំងនេះទៅដាំតាមដងផ្លូវសាធារណៈនានាក្នុងស្រុកជលគីរី ដើម្បីបង្កើនសោភ័ណភាព ការពារបរិស្ថាន និងផ្តល់ម្លប់ដល់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត អូយម៉ូយ ជារុក្ខជាតិលម្អដែលមានផ្កាស្រស់ស្អាត និងអាចរីកធំធាត់ ស្របតាមគោលនយោបាយបៃតងរបស់រាជរដ្ឋាភិបាល។

សកម្មភាពនេះ បានធ្វើឡើងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ដែលតែងតែជំរុញឱ្យមានការចូលរួមពីគ្រប់ជាន់ថ្នាក់ ជាពិសេសការចូលរួមពីសហគមន៍ និងវិស័យអប់រំ ដើម្បីរួមគ្នាអភិវឌ្ឍន៍បរិស្ថានបៃតង និងនិរន្តរភាព។