ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញសារទប់ស្កាត់ផលប៉ះពាល់ពីការលើកឡើងរបស់អ្នកនាង កន្និដ្ឋា ដែលថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៉ីរ៉ង់នៅកម្ពុជា។
សម្តេចបានបញ្ជាក់ថា ការលើកឡើងបែបនេះមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិប តេយ្យមួយ ដែលសូម្បីតែរដ្ឋាភិបាលអាមេរិកផ្ទាល់ ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យបែបនេះដែរ។
តាមសារដែលសម្តេចបានបង្ហោះនៅលើបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖
«ប៉ុន្មានថ្ងៃនេះ មានការជជែកលើរឿងក្មួយស្រី កន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿង ដែល ថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៉ីរ៉ង់នៅកម្ពុជា។
ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះ វារីកកាន់តែធំព្រោះអ្វីដែលកន្និដ្ឋា លើកឡើង វាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិក ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។
អ្វីដែលគ្រោះថ្នាក់ជាងនេះទៀត គឺបង្កគ្រោះថ្នាក់ នៃការបែងចែកនិកាយ សាសនា ក្នុងសាសនាឥស្លាមផង និងការបែងចែកសាសនាផ្សេងគ្នានៅកម្ពុជាផង។ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង។
ជាង៤៧ឆ្នាំ នៃការចូលរួមកាន់អំណាចនៅកម្ពុជា ខ្ញុំខិតខំធ្វើសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជានោះឡើយ»។
