សេចក្តីបញ្ជាក់ព័ត៌មានពាក់ព័ន្ធនឹងការលើកឡើងអំពីការប្រគំតន្ត្រីនៅទីលានបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង សូមគោរពជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ ការអនុញ្ញាតឱ្យស្ថានីយទូរទស្សន៍ហង្សមាស HDTV ប្រគំតន្ត្រីនៅទីលានបាល់ទាត់មុខសាលាខេត្ត កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៦ គឺតាមការស្នើសុំក្នុងគោលបំណងដូចខាងក្រោម៖

១- បង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា

២- ទីលានទំនេរមិនមានរៀបចំការប្រកួតកីឡា។

៣- ក្រុមហ៊ុនបានធ្វើការសម្អាតបរិស្ថានទាំងក្នុងបរិវេណទីលាន និងខាងក្រៅទីលាន ព្រមទាំងធានាធ្វើការ ជួសជុលរាល់ការខូចខាតក្រោយចប់កម្មវិធី។

បច្ចុប្បន្នមានទីលានបាល់ទាត់ ២កន្លែង ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត គឺ ១កន្លែង ស្ថិតនៅមុខសាលាខេត្តកំពង់ឆ្នាំង និង ១កន្លែងទៀតស្ថិតនៅក្នុងពហុកីឡដ្ឋានខេត្តកំពង់ឆ្នាំង(ស្អាតជាប់វត្ត ធម្មយុត្តិ) សម្រាប់ដំណើរការប្រកួតកីឡាបាល់ទាត់ផ្លូវការផងដែរ។

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង សូមអរគុណចំពោះបងប្អូន ប្រជាពលរដ្ឋដែលតែង តែជួយបារម្ភ លើការថែទាំទីលានកីឡា សម្រាប់បម្រើឱ្យការលេងកីឡាដើម្បីសុខភាព និងរៀបចំការប្រកួតកីឡាបាល់ទាត់ក្នុង ព្រឹត្តិការណ៍កីឡានានា និងសូមធ្វើការបដិសេដរាល់ការផ្សព្វផ្សាយដែលពុំបានសាកសួរព័ត៌មានច្បាស់លាស់ ដែលធ្វើឱ្យ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំខេត្ត ធ្វើឱ្យសាធារណៈជនមានការភ័ន្តច្រឡំ។

អាស្រ័យហេតុនេះ សូមសាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង នឹងស្វាគមន៍សហការគ្រប់បណ្តាញសារព័ត៌មានទាំងអស់ ក្នុងន័យរិះគន់ស្ថាបនា ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡារបស់ខេត្តកំពង់ឆ្នាំង។