លោក សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចុះពិនិត្យសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ដែលគ្រោងនឹងសម្ពោធដាក់ឲ្យសាធារណជនប្រើប្រាស់ឆាប់ៗនេះ

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង។

សួនសុវត្ថិភាពចរាចរណ៍នេះ ជាគម្រោងសាងសង់សប្បនិម្មិតដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងចំណោមសិស្សានុសិស្ស និងសាធារណជនទូទៅ។

សួននេះមានការដាក់បញ្ចូលធាតុផ្សំសំខាន់ៗសប្បនិម្មិតដូចជា ផ្លូវ គន្លងចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងធាតុផ្សេងទៀតដែលពាក់ព័ន្ធនឹងការធ្វើដំណើរប្រចាំថ្ងៃ ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសិក្សាស្វែងយល់ និងអនុវត្តជាក់ស្តែង។

ក្នុងឱកាសពិនិត្យនេះ លោក ស៊ុន សុវណ្ណារិទ្ធិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសួននេះក្នុងការពង្រឹងការគោរពច្បាប់ចរាចរណ៍ ការគោរពសិទ្ធិអាទិភាព បច្ចេកទេសបើកបរ និងក្រមសីលធម៌នៃការចូលរួមចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិតប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា គម្រោងនេះនឹងត្រូវសម្ពោធដាក់ឲ្យសាធារណជនប្រើប្រាស់ឆាប់ៗនេះ ដើម្បី ឱ្យសិស្សានុ សិស្ស និងប្រជាពលរដ្ឋទូទៅអាចចូលរួមសិក្សា និងអនុវត្តជាក់ស្តែងបានយ៉ាងងាយស្រួល។

សួនសុវត្ថិភាពចរាចរណ៍នេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការលើកកម្ពស់វប្បធម៌ចរាចរណ៍សុវត្ថិភាព និងគាំទ្រគោលនយោបាយជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ការចុះពិនិត្យនេះក៏បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត លើការអភិវឌ្ឍធនធានមនុស្ស និងការអប់រំសហគមន៍ក្នុងវិស័យនេះ។

លោក ស៊ុន សុវណ្ណារិទ្ធ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សឱ្យចូលរួមគាំទ្រ និងប្រើប្រាស់សួននេះឱ្យបានអតិបរមា បន្ទាប់ពី សម្ពោធជាផ្លូវការ ដើម្បីរួមគ្នាកសាងសង្គមមានសុវត្ថិភាព និងរៀបរយ។