រដ្ឋបាលស្រុករលាប្អៀរ រៀបចំពិធីដង្ហែពានជ័យលាភីថ្នាក់ជាតិ ផ្នែកអានអត្ថបទកម្រិតបឋមសិក្សា

កំពង់ឆ្នាំង៖ រដ្ឋបាលស្រុករលាប្អៀរ បានរៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភីថ្នាក់ជាតិ ចំណាត់ថ្នាក់លេខ១ ផ្នែកអានអត្ថបទ (កម្រិតបឋមសិក្សា) ក្នុងកម្មវិធីប្រកួតប្រជែង «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» នៃទិវាជាតិអំណាន លើកទី១១ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក លោក សេង វិចិត្រ អភិបាលស្រុក ព្រមទាំងប្រតិភូអមដំណើរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានថ្លែងថា ពិធីដង្ហែពាននេះ គឺដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងថ្នាក់ដឹកនាំសាលា ដែលបានខិតខំប្រឹងប្រែង រហូតដល់ទទួលបានជ័យលាភីថ្នាក់ជាតិ។ លោកបានសង្កត់ធ្ងន់ថា ស្រុករលាប្អៀរបានទទួលពានរង្វាន់ជ័យលាភីចំនួន១១ ក្នុងវិស័យអប់រំ ដែលជាសមិទ្ធផលដ៏ធំសម្បើម និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ភួង សោភា បានសំដែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងសិស្សជ័យលាភី ដែលបង្ហាញពីគុណវុឌ្ឍិ សមត្ថភាព និងទេពកោសល្យក្នុងវិស័យអប់រំនៅស្រុករលាប្អៀរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ពិធីនេះមានសារៈសំខាន់ក្នុងការលើកទឹកចិត្តសាលារៀនផ្សេងទៀតឱ្យបន្តខិតខំ ពង្រឹងសមត្ថភាព និងអភិវឌ្ឍខ្លួនបន្ថែម ជាពិសេសលើផ្នែកបច្ចេកវិទ្យា។ ឯកឧត្តមបានណែនាំថា ដើម្បីក្លាយជាគ្រូល្អ និងសិស្សពូកែថ្នាក់ជាតិ ត្រូវចាប់ផ្តើមពីការក្លាយជាគ្រូ និងសិស្សល្អក្នុងសហគមន៍ សិន ដើម្បីទទួលបានការទទួលស្គាល់ និងគាំទ្រពី សហគមន៍។

គួរបញ្ជាក់ថា ជ័យលាភីលេខ១ ផ្នែកអានអត្ថបទ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» ឆ្នាំ២០២៦ នេះ បានទៅលើកុមារី ហូ ធារ៉ា សិស្សថ្នាក់ទី៥ សាលាបឋមសិក្សាស្មែត្រ ស្ថិតក្នុងស្រុករលាប្អៀរ។ ស្រុករលាប្អៀរ ក៏បានទទួលបណ្ណសរសើរថ្នាក់ជាតិជាបន្តបន្ទាប់ផងដែរ រួមទាំងគ្រូល្អ នាយកល្អ និងសិស្សពូកែ។

ពិធីនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលស្រុក និងថ្នាក់ដឹកនាំក្នុងការលើកកម្ពស់វប្បធម៌អាន និងគុណភាពអប់រំនៅមូល ដ្ឋាន។