លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមន្ទីរ ចូលរួមកិច្ចប្រជុំត្រៀមរៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី២០ និងត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមន្ទីរ ចូលរួមកិច្ចប្រជុំត្រៀមរៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោក លើកទី២០ និងត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ ប្រារព្ធឡើងនៅវិទ្យាល័យក្រុងកំពង់ឆ្នាំង សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ច.ស.គ) រួមជាមួយឯកឧត្តម ហុឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ លោក លោកស្រីជាក្រុមការងារចំពោះកិច្ចដឹកនាំការងារសាងសង់សួនសុវត្ថិភាពចរាចរណ៍នៅខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ លោក លោកស្រីប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ លោកអភិបាលរងក្រុងកំពង់ឆ្នាំង និងក្រុមការងារអគ្គលេខាធិការដ្ឋាន គ.ច.ស.គ ផងដែរ។

សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ស្ថិតនៅបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ត្រូវបានសាង សង់ឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ សញ្ញាចរាចរណ៍ គន្លងផ្លូវ និងក្រមសីលធម៌ក្នុងការបើកបរ ជាពិសេសដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិ ភាពសាធារណៈនៅលើដងផ្លូវ។

ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០នេះ គឺជាឱកាស សំខាន់ក្នុងការរំលឹកដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះ លើកទឹកចិត្តឱ្យសាធារណជនគោរពច្បាប់ចរាចរណ៍ និងចូលរួមកាត់បន្ថយហានិភ័យគ្រោះថ្នាក់ ដែលនៅតែជាបញ្ហាប្រឈមមួយនៅកម្ពុជា។

កិច្ចប្រជុំនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំខេត្ត និងក្រសួងពាក់ព័ន្ធ ក្នុងការជំរុញវិធានការសុវត្ថិភាពចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងបន្តផ្សព្វផ្សាយដល់សហគមន៍។