កំពង់ឆ្នាំង៖ សិក្ខាសាលា ស្តីពី «ការឆ្លុះបញ្ចាំងវឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)» បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង។
សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងតំណាងពាក់ព័ន្ធជាច្រើនរូប រួមមាន លោក ដៃ ហាស៊ីហ្គាវ៉ា និងលោក រីអូ ស៊ីនចូ ជាម្ចាស់ជំនួយរបស់ FIDR អាជ្ញាធរក្រុង-ស្រុក នាយកអង្គការ FIDR ប្រចាំប្រទេសកម្ពុជា តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ នាយកសាលាគោលដៅទាំង១១ ក្នុងស្រុកកំពង់លែង តំណាងអង្គការដៃគូ ម្ចាស់ភោជនីយដ្ឋាន និងក្រុមការងារអង្គការ FIDR។
លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា យោងតាមរបាយការណ៍របស់ក្រសួងផែនការ ក្នុងឆ្នាំ២០១៩ បានគូសបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងនៅតែប្រឈមនឹងស្ថានភាពភាពក្រីក្រខ្ពស់ ដោយអត្រាភាពក្រីក្រឈានដល់ ១៩.៤% ដែលខ្ពស់ជាងអត្រាមធ្យមថ្នាក់ជាតិ ១៨.៣%។
លោកបន្តថា បញ្ហាកុមារកង្វះអាហារូបត្ថម្ភក៏ជាបញ្ហាប្រឈមធ្ងន់ធ្ងរមួយ ដោយផ្អែកលើរបាយការណ៍ថ្នាក់ជាតិស្តីពីការអង្កេតស្ថានភាពប្រជាសាស្ត្រ និងសុខភាពក្នុងប្រទេសកម្ពុជា បានបង្ហាញថា ក្នុងខេត្តកំពង់ឆ្នាំង អត្រាកុមារអាយុក្រោម ៥ឆ្នាំ ដែលមានទម្ងន់ធៀបនឹងអាយុ មានរហូតដល់ ៣៥.១% ដែលជាអត្រាខ្ពស់បំផុតក្នុងចំណោម ២៥ ខេត្ត-ក្រុងនៅទូទាំងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ លោក សាន់ យូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ និងអង្គការ FIDR ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសនៅស្រុកកំពង់លែង តាមរយៈការផ្តល់បទពិសោធន៍ថ្មីៗ បច្ចេកទេសទំនើប និងការគាំទ្រគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
សិក្ខាសាលានេះជាឱកាសដ៏សំខាន់ក្នុងការវាយតម្លៃលទ្ធផលការងារឆ្នាំ២០២៥ និងកំណត់ទិសដៅសកម្មភាពបន្តសម្រាប់ឆ្នាំ២០២៦ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃគម្រោងជំនួយរបស់ FIDR នៅក្នុងតំបន់គោលដៅ។


