កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងរៀបចំពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ លើកទី២ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។
ពិធីខាងលើនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង រួមជាមួយ ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក អគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធ។ ពិធីនេះ បានផ្តល់ផ្ទះ និងដីឡូតិ៍ជូនគ្រួសារអតីតយុទ្ធជនចំនួន៤៨គ្រួសារ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានប្រចាំការគណៈកម្មការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅខេត្តកំពង់ឆ្នាំង មានផ្ទះសាងសង់រួចរាល់សរុបចំនួន២១៤ខ្នង។ ក្នុងនោះ បានប្រគល់ជូនគ្រួសារអតីតយុទ្ធជនក្នុងឆ្នាំ២០២២ ចំនួន១០៥ខ្នង និងនៅឆ្នាំ២០២៥- ២០២៦ បានសាងសង់បន្ថែម១០៩ខ្នង ដោយខេត្តកំពង់ឆ្នាំងទទួល៥០ខ្នង និងខេត្តកណ្តាលទទួល៥០ខ្នង។
នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ដែលបានរស់នៅទីនេះ ដើម្បីបន្តទទួលការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមពីរាជរដ្ឋាភិបាល។
ឯកឧត្តមបានបញ្ជាក់ថា ការសាងសង់ផ្ទះ និងផ្តល់ ដីសម្បទានសង្គមកិច្ច គឺជាចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីអាណត្តិដឹកនាំមក បន្តដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីតបស្នងគុណបំណាច់ចំពោះការលះបង់ និងពលីកម្មពេញមួយជីវិតរបស់អតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តមបន្តថា ពិធីចាប់ឆ្នោតនេះ ជាការដោះស្រាយសំខាន់មួយ ដើម្បីកែប្រែ និងលើកកម្ពស់ជីវភាពរស់នៅឲ្យប្រសើរឡើងសម្រាប់អតីតយុទ្ធជន ដែលជួបការលំបាក។ រួមជាមួយនេះ ក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្តិចម្តងៗ ដូចជាផ្លូវ អគ្គិសនី អណ្តូងទឹក សាលារៀន ជាដើម ដើម្បីបម្រើផលប្រយោជន៍ជូនអតីតយុទ្ធជន និងក្រុមគ្រួសារបានយូរអង្វែង។
ពិធីនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជន ចំពោះអ្នកដែលបានបម្រើជាតិ និងប្រជាជនកម្ពុជា។
