កំពង់ឆ្នាំងៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៃខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត ប្រតិភូអមដំណើរ នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក អាជ្ញាធរ ឃុំ-សង្កាត់ ស្មៀន កងកម្លាំងទាំងបីប្រភេទ ព្រមទាំងប្រជាការពារផងដែរ។
លោកជំទាវ ជូ ប៊ុនអេង បានសង្កត់ធ្ងន់លើសារៈ សំខាន់នៃការចូលរួមពីគ្រប់ភាគី ដើម្បីរក្សា និងលើកកម្ពស់សុវត្ថិភាពមូលដ្ឋាន ជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។
គោលនយោបាយ«ភូមិឃុំ សង្កាត់មានសុវត្ថិភាព» ជាគោលនយោបាយសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សង្គម ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងជំរុញកិច្ចសហការរវាងអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងឆ្នាំ២០២៥ ការអនុវត្តនៅខេត្តកំពង់ឆ្នាំងបានសម្រេចលទ្ធផលវិជ្ជមាន រួមមានការថយចុះបទល្មើស ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងការចូលរួមសកម្មពី សហគមន៍មូលដ្ឋាន ដែលរួមចំណែកដល់ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងខេត្ត។
ក្នុងកិច្ចប្រជុំនេះ បានធ្វើការវាយតម្លៃលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ ពិភាក្សាពីបញ្ហាប្រឈម និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងកិច្ចសហការ បង្កើនការផ្សព្វផ្សាយ ទប់ស្កាត់បទល្មើសថ្មីៗ (ដូចជាឆបោកអនឡាញ ជួញដូរមនុស្ស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់) និងធានាបរិយាកាសសុវត្ថិភាពនៅគ្រប់ភូមិ ឃុំ សង្កាត់។
