រថយន្តដឹកលៀសខុសច្បាប់ ត្រូវបានកម្លាំយោធា ឃាត់បានចំនួន ០២គ្រឿង

សៀមរាប៖ នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងសហការណ៍របស់យោធា ដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរង រួមជាមួយកម្លាំងកងពលតូចថ្មើជើងលេខ៥១ និងកម្លាំងយោធភូមិ ភាគទី៥ បានធ្វើការល្បាតត្រួតពិនិត្យលើផ្លូវជាតិលេខ៦ ក្រោមបទបញ្ជាបង្ក្រាប បទល្មើសនេសាទលើផ្ទៃបឹង ទន្លេសាប របស់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទ។

លទ្ធផល កងកម្លាំងបានចាប់ឃាត់រថយន្តដឹក លៀសខុសច្បាប់ចំនួន ០២គ្រឿង គោលដៅ ដឹកយកទៅប្រទេសវៀតណាម នៅចំណុចភូមិសាស្ត្រឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប។

តាមការបញ្ជាក់ពីលោកមេបញ្ជាការរង គោលដៅ ទី១ នៅវេលាម៉ោង០៥នាទី៣០នាទី កងកម្លាំងបានចុះត្រួតពិនិត្យ និងប្រទះឃើញរថយន្តម៉ាក LIBERO ពាក់ស្លាកលេខ កំពង់ធំ 3A-3440 ដឹក លៀសចំនួន ០៤តោន។ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ រីឯរថយន្តត្រូវបានយកមករក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ខណៈលៀសទាំងអស់ត្រូវបានយោធានាំទៅប្រលែងចូលក្នុង បឹងទន្លេសាបវិញ។

គោលដៅទី២ នៅវេលាម៉ោង០៨នាទី៣០នាទី កងកម្លាំងបានចុះពិនិត្យ និងឃាត់បានរថយន្តម៉ាក LIBERO ពាក់ស្លាកលេខ សៀមរាប 2C-2184 ដឹកលៀសចំនួន ០៤តោន នៅចំណុចភូមិសាស្ត្រដដែល។ ក្នុងករណីនេះ កងកម្លាំងបានឃាត់ខ្លួនថៅកែលៀសម្នាក់ និងតៃកុងរថយន្តម្នាក់ រីឯរថយន្តត្រូវបានយកមករក្សាទុកនៅទីបញ្ជាការស្រាល ខណៈជនសង្ស័យត្រូវបានប្រគល់ឱ្យមន្ត្រីជំនាញធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។

សកម្មភាពបង្ក្រាបនេះ គឺជាផ្នែកមួយនៃការអនុវត្តបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សេង ធារិន ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដើម្បីការពារធនធានមច្ឆាជាតិ និងជីវចម្រុះនៅលើផ្ទៃបឹងទន្លេសាប។

កងកម្លាំងយោធាបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងឈ្មួញទាំងអស់ គោរពតាមច្បាប់ស្តីពីជលផល ជៀសវាងការធ្វើសកម្មភាពខុសច្បាប់ ដែលនាំឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ៕