កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ឆ្នាំង (គ.ក.ស.ក) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិស ដៅអនុវត្តបន្តខែមេសា ឆ្នាំ២០២៦ របស់គណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អនុប្រធានគ.ក.ស.ក រួមទាំងតំណាងអង្គការដៃគូនានា។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា រួមទាំងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៦។ អង្គប្រជុំបានរិះរក និងពិភាក្សាទៅលើបញ្ហាប្រឈមនានា ដើម្បីជ្រើសរើសយោបល់ និងអនុសាសន៍សំខាន់ៗ ដាក់ជូនក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត សម្រាប់ការពិចារណា និងដាក់វិធានការណ៍បន្តឱ្យកាន់តែមានប្រសិទ្ធភាព។
លោកជំទាវ តុង ណារី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមគ្នាសហការរវាងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការងារការពារ និងលើកកម្ពស់សុខុមាលភាពស្ត្រី កុមារ និងគ្រួសារ ឱ្យកាន់តែមានគុណភាពខ្ពស់បន្ថែមទៀតនៅក្នុងខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំបានបញ្ចប់ដោយការឯកភាពទៅលើទិសដៅអនុវត្តបន្ត និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តឱ្យបានជោគជ័យ ស្របតាមផែនការរបស់រាជរដ្ឋាភិបាល។
